ចាយលុយរៀលល្អចឹង! ចាស់ ទក់ រហែក យកទៅដូរអត់អស់ថ្លៃសេវាសូម្បីតែមួយរៀល
លុយចាស់ ទក់ រហែក ជាង១០០លានរៀល ត្រូវបានធនាគារជាតិ សាខាបន្ទាយមានជ័យ ដូរឱ្យពលរដ្ឋដោយមិនគិតកម្រៃសេវាឡើយ។
ធនាគារជាតិ នៃកម្ពុជា សាខាខេត្តបន្ទាយមានជ័យ បន្តយុទ្ធនាការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ និងរហែក ជូនប្រជាពលរដ្ឋ នៅផ្សារចាស់ថ្មពួក ក្នុងស្រុកថ្មពួក នាថ្ងៃទី២៥ ខែមីនា។ បើតាមលោកស្រី ក្រាមបូល័ក្ខ ប្រធានធនាគារជាតិ នៃកម្ពុជា សាខាខេត្តបន្ទាយមានជ័យ នាព្រឹកនេះ ក្រុមការងារបានដូរក្រដាសប្រាក់រៀលដែលចាស់ ទក់ និងរហែក ជូនប្រជាពលរដ្ឋ បានចំនួន២១,២៤៧,៣០០រៀល។ ចំនួនទឹកប្រាក់នេះ ត្រូវបានផ្ទេរចូលក្នុងគណនីបាគង ឬគណនីធនាគាររបស់ពលរដ្ឋ ដែលយកលុយមកដូរនោះ។
នេះគឺលើកទី៥ហើយ ដែលធនាគារជាតិ សាខាខេត្តបន្ទាយមានជ័យ ធ្វើយុទ្ធនាការប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ រហែក ជូនសាធារណជន ប្រចាំឆ្នាំ២០២៥ ។ លោកស្រី ក្រាម បូល័ក្ខ បានបញ្ជាក់ថា ក្នុងយុទ្ធនាការ៤លើកកន្លងមក មានប្រជាពលរដ្ឋចំនួន១៤០០នាក់បានចូលរួម ដោយក្នុងនោះ មាន២៦៩នាក់ បានមកប្តូរប្រាក់ ដែលមានទំហំទឹកប្រាក់ ៩៤,៦៣០,០០០រៀល។
ពោល ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ធនាគារជាតិ សាខាខេត្តបន្ទាយមានជ័យ បានប្តូរក្រដាសប្រាក់រៀល ចាស់ ទក់ និងរហែក ជូនប្រជាពលរដ្ឋដោយមិនគិតកម្រៃសេវា បានចំនួន ១១៥,៨៧៧,៣០០រៀល។









