អំពើហិង្សាក្នុងគ្រួសារ បុរសជាប្តី ខឹងប្រពន្ធទៅដេកផ្ទះអ្នកជិតខាង បានដុតផ្ទះខ្លួនឯងឆេះហ្មត់ សមត្ថកិច្ចឃាត់ខ្លួនជនបង្ក យកទៅចាត់ការតាមផ្លូវច្បាប់

ខេត្តឧត្តរមានជ័យ ៖ កាលពី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិកូនដំរី សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កើតមានករណីអំពើហិ.ង្សាក្នុងគ្រួសារមួយ ដោយបុរសជាប្តី ខឹងប្រពន្ធទៅដេកផ្ទះអ្នកជិតខាង បានដុតផ្ទះខ្លួនឯងឆេះហ្មត់ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនបង្ក យកទៅចាត់ការតាមផ្លូវច្បាប់ ។
ជនសង្ស័យជាប្តី មានឈ្មោះ ភាន់ ជា ភេទប្រុស អាយុ៤២ឆ្នាំ ។ រីឯប្រពន្ធឈ្មោះ វី ស៊ីណែត អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ សង្កាត់កើតហេតុខាងលើ ។

តាមប្រភពព័ត៌មានឲ្យដឹងថា នៅវេលាព្រលប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ប្តីប្រពន្ធ ២នាក់នេះ បានទៅលេងផ្ទះបងប្រុស នៅក្នុងភូមិជាមួយគ្នា ហើយក៏កើតមានជម្លោះឈ្លោះទាស់ទែងគ្នា ពេលនោះប្រពន្ធបានជិះម៉ូតូ ទៅប្ដឹងប្រធានភូមិ ដើម្បីឲ្យប្រធានភូមិ បានដឹង និងចាត់វិធានការលើប្តី ដែលប្រើអំពើហិ.ង្សាមកលើខ្លួនជាប្រពន្ធ ។
ក្រោយពេលប្តឹងប្រធានភូមិរួច ប្រពន្ធមិនបានទៅដេកផ្ទះវិញទេ គឺទៅសម្រាកនៅផ្ទះអ្នកជិតខាង ដែលស្គាល់គ្នា ដោយមិនទុកចិត្តខ្លាចប្តី ប្រើអំពើហិ.ង្សាបន្ថែមទៀត ។ លុះព្រឹកឡើងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ប្រពន្ធបានត្រឡប់ទៅផ្ទះវិញ ស្រាប់តែឃើញភ្លើងឆេះហ្មត់ គ្មានសល់អ្វីទាំងអស់ ភ្លាមនោះ ប្រពន្ធក៏បានជិះម៉ូតូទៅផ្ទះប្រធានភូមិម្តងទៀត ដើម្បីរាយការណ៍ ករណីភ្លើងឆេះផ្ទះ ។ នៅពេល ប្រពន្ធទៅដល់ផ្ទះប្រធានភូមិ ស្រាប់តែឃើញប្តី នៅទីនោះដែរ ខណៈនោះ ប្រពន្ធមិនទាន់បានរៀបរាប់ករណីភ្លើងឆេះផ្ទះ ផង! លោកប្តីពោលពាក្យថា “អញដុតផ្ទះ កាលពីយប់មិញ” ។ បន្ទាប់មក ប្ដីប្រពន្ធពីរនាក់នោះ ក៏ឈ្លោះប្រកែកគ្នាទៀត ហើយប្ដីបានស្ទុះទៅវាយតប់ប្រពន្ធ ចំនួន២ ទៅ៣ដៃ ចំលើផ្ទៃមុខ បណ្តាលឈឺចុកចាប់ ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា ដោយឃើញទង្វើ និងសកម្មភាពបុរសជាប្តី បានប្រើអំពើហិ.ង្សាលើគ្រួសារ រួមទាំងដុតបំផ្លិចបំផ្លាញផ្ទះសម្បែងទ្រព្យសម្បត្តិខ្លួន ឯង ឆេះហ្មត់យ៉ាងដូច្នេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍មូលដ្ឋាន សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនបង្ក យកទៅសាកសួរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង