ម្ចាស់ស្ថានីយប្រេងឥន្ធនៈតេលាមួយកន្លែង បានស្រែកឆោឡាប្តឹងសមត្ថកិច្ចថា មានចោរលួចចូលក្នុងរបង បើកកាមេរ៉ាសុវត្ថិភាពពិនិត្យមើល ក៏ហួសចិត្តយ៉ាងខ្លាំង សមត្ថកិច្ចសង្ស័យថា កូនប្រុសម្ចាស់ស្ថានីយប្រេងនេះប្រើប្រាស់ថ្នាំញៀន(បែកថ្នាំ)

ខេត្តស្វាយរៀង ៖ ម្ចាស់ស្ថានីយប្រេងឥន្ធនៈតេលាមួយកន្លែង បានស្រែកឆោឡាប្តឹងសមត្ថកិច្ចថា មានចោរលួចចូលក្នុងរបង ហើយចូលលួចទ្រព្យសម្បតិក្នុងស្ថានីយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថា មានចោរថ្លើមធំហ៊ានចូលលួចទ្រព្យសម្បត្តិម្ចាស់ស្ថានីយប្រេងឥន្ធនៈទាំងវេលាទៀបភ្លឺ ខណៈស្ថានីយប្រេងឥន្ធនៈមានកាមេរ៉ាសុវត្ថិភាពបួនប្រាំគ្រាប់ដាក់គ្រប់ច្រកក្ដី ។
ករណីនេះ បានកើតឡើងកាលពី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥កន្លងទៅ នៅក្នុងស្ថានីយប្រេងឥន្ធនៈតេលា ស្ថិតនៅផ្លូវលេខ២០៤ ភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

បើតាមនគរបាលនៃអធិការដ្ឋានក្រុងស្វាយរៀង បានឲ្យដឹងថា នៅវេលាម៉ោង៤និង២០នាទីទៀបភ្លឺថ្ងៃនោះ មានម្ចាស់ស្ថានីយប្រេងឥន្ធនៈខាងលើ បានទូរសព្ទ័ប្តឹងសមត្ថកិច្ចថា មានចោរផ្លោះរបងចូលលួចទ្រព្យសម្បត្តិនៅម៉ាតក្នុងស្ថានីយប្រេងឥន្ធនៈ ។ លោកអធិការបានបញ្ជាឲ្យកម្លាំងនគរបាលក្រុង សហការជាមួយនគរបាលប៉ុស្តិ៍សង្កាត់ស្វាយរៀង ចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ។
ម្ចាស់ស្ថានីយបានប្រាប់សមត្ថកិច្ចថា ចោរបានរត់ទៅខាងជើងតាមរបងកីឡដ្ឋានស្វាយរៀង ហើយសមត្ថកិច្ចក៏បានដាក់កម្លាំងដេញតាម និងព័ទ្ធតាមដងផ្លូវជុំវិញស្ថានីយ រុករកចោរអស់រយៈពេលជាង១ម៉ោងតែរកមិនឃើញ ។
ប្រភពដដែលបន្តថា រហូតដល់ម៉ោង៦ព្រឹក សមត្ថកិច្ចក៏បានឲ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈនេះ
បើកកាមេរ៉ាសុវត្ថិភាពពិនិត្យមើល ក៏ហួសចិត្តយ៉ាងខ្លាំង ។ តាមពិតគឺជាកូនប្រុសបង្កើតរបស់
ម្ចាស់ស្ថានីយប្រេងឥន្ធនៈនេះសោះ ដែលទំនងជាបែកថ្នាំក្រោកឡើងស្រែកឆោឡោថា ចោរ
ចូលផ្ទះលួចទ្រព្យសម្បត្តិ ឪពុកម្តាយក៏ទូរស័ព្ទប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។ លុះពេលកម្លាំងសមត្ថកិច្ចមកដល់ កូនប្រុសដែលស្រែកឆោឡោចង្អុលប្រាប់សមត្ថកិច្ចថាចោររត់ទៅទិសខាងជើង ហើយសមត្ថកិច្ចបានដេញតាមការចង្អុលបង្ហាញ និងដាក់កម្លាំងស្ទាក់តាមដងផ្លូវគ្រប់ច្រក ។ លុះដល់ពេលមើលកាមេរ៉ាសុវត្ថិភាព គឺអាកូនប្រុសស្រែកឆោឡោនេះជាអ្នកលោតផ្លោះរបងចូលផ្ទះ រួចស្រែកឆោឡោ ។
នៅពេលពិនិត្យ និងសាកសួរ សមត្ថកិច្ចបានដាក់ការសង្ស័យថា កូនប្រុសម្ចាស់ស្ថានីយប្រេងនេះប្រើប្រាស់ថ្នាំញៀន(បែកថ្នាំ) ក៏ឲ្យឪពុកនាំកូនទៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីពិនិត្យទឹកនោម និងធ្វើតេស្តរកសារធាតុញៀន ៕

អត្ថបទដែលជាប់ទាក់ទង