ស្ពានអាកាសមរតកតេជោ នឹងសម្ពោធដាក់ឲ្យប្រើបាស់ជាផ្លូវការនៅថ្ងៃទី៧ មេសា មុនបុណ្យចូលឆ្នាំ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខ សម្រាប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ ។
ពិធីក្រុងពាលីជាប្រពៃណីទំនៀមទំលាប់ ដែលដូនតាខ្មែរតែងតែរៀបចំធ្វើឡើង នៅមុនពិធីសម្ពោធសមិទ្ធិផលថ្មីៗ ដែលទើបបានកសាងឡើងបានរួចរាល់ ដែលចង់ប្រាប់និងឧទ្ទិសដល់ម្ចាស់ទឹកម្ចាស់ដីឱ្យជួយបីបាច់ថែរក្សាអ្នកប្រើប្រាស់ សមិទ្ធិផលថ្មីនេះឲ្យមានក្តីសុខសប្បាយ។
ស្ពានអាកាសមរតកតេជោ ជាស្ពានប្រសព្វរវាងមហាវិថីព្រៈមុនីវង្ស, មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលជាស្ពានអាកាសកំពស់២ជាន់លើកដំបូងនៅកម្ពុជា។
លោកស្រីដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាសមរតកតេជោ នឹងជួយកាត់បន្ថយការចំណាយពេលវេលា ក្នុងការធ្វើដំណើរ, សម្រួលលំហូរចរាចរធ្វើឱ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើ ដំណើរទៅមក ពិសេសពេលមានបុណ្យទានធំៗមានបុណ្យភ្ជុំបិណ្ឌ,បុណ្យចូលឆ្នាំ, បុណ្យអុំទូកជាដើម។
ពិធីភ្ជាប់ស្ពានមរតកតេជោជំហានទី២ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ឃួង ស្រេង និងអ្នកឧកញ៉ាពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនOCIC។
ស្ពានមរតកតេជោ នឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ស្អែកនេះ ទៅតាមការគ្រោងទុកក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត៕

អត្ថបទដែលជាប់ទាក់ទង