ស្ត្រីជាម្ចាស់បំណុលក្លាយជាជនជាប់ចោទ ក្រោយរងបណ្ដឹងពីលោកផ្កាយ១ សម្បត្តិ កុសល
ខេត្តសៀមរាប៖ ស្ត្រីមេតុងទីនឈ្មោះ ចិន ស្រីដា ត្រូវបានតុលាការចេញដីការបង្គាប់ឱ្យឃុំខ្លួនពីបទគំរាមកំហែងហែកកេរ្តិ៍លើបណ្ដាញសង្គម ខណៈដើមបណ្ដឹងគឺជាលោក សម្បត្តិ កុសល ស្នងការរងនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ ទាមទារសំណងជំងឺចិត្តចំនួន២០ម៉ឺនដុល្លារអាម៉េរិក…។
យោងតាមដីការបស់សាលាដំបូងខេត្តសៀមរាប លោក យី ឆៃ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្ត បានសម្រេចផ្តន្ទាទោសលើឈ្មោះ ចិន ស្រីដា ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ ពីបទគំរាមហែកកេរ្តិ៍ ប្រព្រឹត្តនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីកំលុងខែកុម្ភៈ និងកាលពីខែមីនា ឆ្នាំ២០២៤។ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។ យ៉ាងណា ចំពោះអង្គហេតុដែលឈានដល់ការចាប់ខ្លួនស្ត្រីមេតុងទីនខាងលើ គឺកាលពីកំលុងខែកុម្ភៈ ឆ្នាំ២០២៤ ជនជាប់ចោទឈ្មោះ ចិន ស្រីដា ប្រើប្រាស់ហ្វេសប៊ុកឈ្មោះ VI DA បានឆាតទៅគំរាមជនរងគ្រោះឈ្មោះ សម្បត្តិ កុសល ក្រោយមកជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងផ្ទាល់មកកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
គូសបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅស្ត្រីឈ្មោះ ចិន ស្រីដា និងប្ដីឈ្មោះ ទី ប្រាថ្នា អាយុ៣១ឆ្នាំ បានដាក់ពាក្យបណ្តឹងជូន លោកឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំជួយអន្តរាគមន៍លើករណីចាញ់បោកលោកស្នងការរងផ្កាយ១ សម្បត្តិ កុសល និងភរិយា អស់ប្រាក់ជាង២ម៉ឺនដុល្លារ តាមរយៈការខ្ចីជាបន្តបន្ទាប់ ដោយម្ដងយកចំនួន៣០០០ដុល្លារ និង៤០០០ដុល្លារ ដើម្បីរត់ការឱ្យបុរសជាប្ដី (ទ្រី ប្រាថ្នា) ឡើងបុណ្យស័ក្តិក្នុងអំឡុងឆ្នាំ២០២២ដល់ឆ្នាំ២០២៣ ខណៈដំបូងឡើយប្រាក់នោះជាការខ្ចីបុលពីសំណាក់ស្ត្រីជាភរិយាឈ្មោះ វ៉ាំង ភិរម្យ តែក្រោយមកដោយគ្មានប្រាក់សង ទើប លោក សម្បត្តិ កុសល និងភរិយា សន្យារត់ការរកតំណែងក្នុងជួរមន្ត្រីនគរបាលជាតិជំនួសវិញ។ នេះបើតាមការបញ្ជាក់ពីស្ត្រីឈ្មោះ ចិន ស្រីដា…៕