ពិធីប្រណាំងរទេះសាឡី គោលឿន ខេត្តកំពង់ស្ពឺ ឆ្នាំ២០២៥
កំពង់ស្ពឺ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីប្រណាំងរទេះសាឡី គោលឿន ក្រោមអធិបតីភាពឯកឧត្តម សុន ជា សមាជិក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ យុវជនកម្ពុជា(ស.ស.យ.ក) និងក្រុមកីឡាករប្រណាំងរទេះសាឡី គោលឿន ជាច្រើនទៀត ពិធីនេះដែរប្រារព្ធនៅភូមិស្នោទី២ សង្កាត់រការធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។
ដោយយោងតាមរបាយណ៍របស់លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបានឱ្យដឹងថា ខេត្តកំពង់ស្ពឺតែងតែប្រារព្ធពិធីប្រណាំងរទេះគោនេះជារៀងរាល់ឆ្នាំ ដោយមានអ្នកចិញ្ចឹម និងស្រឡាញ់គោមកពីបណ្តាខេត្តផ្សេងៗចូលរួម។ ព្រឹត្តិការណ៍នៃការរៀបចំពិធីប្រណាំងរទេះសាឡី គោលឿនតែងតែផ្តល់នូវស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋទូទៅបានកម្សាន្តសប្បាយ ពិសេសគឺដើម្បីបង្ហាញពីប្រពៃណីទំនៀមទំលាប់ខ្មែរដែលមានតាំងពីដូនតារៀងមក។ហើយសម្រាប់ឆ្នាំនេះគឺមានរទេះគោមកពីតាមបណ្តាខេត្តសរុបចំនួន៦៧នឹម បានចូលរួមប្រកួត ក្នុងនោះមានគោធំចំនួន៤៤នឹម គោតូចចំនួន២៣នឹម។
ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ ក៏បានលើកទឹកចិត្តដល់គណកម្មការប្រណាំងឱ្យបង្កើននឹមគោឱ្យបានច្រើនរហូតដល់រយនឹម និងធំជាងបណ្តាឆ្នាំមុនៗ នៅឆ្នាំបន្ទាប់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងយុវជនជំនាន់ក្រោយ។ ហើយក៏រំពឹងថា នៅឆ្នាំក្រោយៗទៀតនោះ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជធានី ខេត្តផងដែរ ទន្ទឹមនោះដែរ ឯកឧត្តមក៏បានក្រើនរំលឹកដល់ម្ចាស់គោ ឱ្យបង្កើតសិល្បៈប្លែកៗលើគោឬរទេះ ដើម្បីបង្កើនភាពទាក់ទាញឱ្យកាន់តែខ្លាំង ហើយពេលដែលរកឃើញថា រទេះឬគោក្នុងនឹមមួយណាទទួលបានការចាប់អារម្មណ៍ខ្លាំង និងទទួលបានការឧបត្ថម្ភបន្ថែមពីគណកម្មការរៀបចំការប្រណាំងផងដែរ។
សូមបញ្ជាក់ថា៖ ការប្រណាំងគោរទេះសាឡីគោធំលេខ១ ទទួលបានរង្វាន់២,០០០.០០០រៀល លេខ២ ១,៥០០,០០០រៀល និងលេខ៣ ១,០០០,០០០រៀល សម្រាប់លេខ១ រទេះសាឡីគោតូច ទទួលបានរង្វាន់១.៨០០.០០០៛ លេខ២ ១,៣០០,០០០រៀល និងលេខ៣ ៨០០,០០០រៀល ចំពោះរទេះគោសាឡីគោធំនិងគោតូចដែលមិនបានទទួលជ័យលភី រទេះគោសាឡីគោធំក្នុង1នឹមទទួលបានថវិកាចំនួន ៣៥០,០០០រៀល និងគោតូច1នឹមទទួលបានថវិកាចំនួន ៣០០,០០០រៀលផងដែរ៕