ភ្លៀងធ្លាក់លើផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា ដែលរងគ្រោះដោយគ្រោះរញ្ជួយដី អាចធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ
ណៃពិដោ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ភ្លៀងធ្លាក់លើផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ាដែលរងគ្រោះដោយគ្រោះរញ្ជួយដី អាចធ្វើឱ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងបង្កើនហានិភ័យនៃជំងឺ ខណៈប្រធានជំនួយរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា ត្រូវការតង់បន្ថែមទៀត។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងបានវាយប្រហារកាលពីថ្ងៃទី២៨ ខែមីនា បានកើនឡើងដល់៣៤៧១នាក់ ហើយមនុស្សចំនួន៤៦៧១នាក់បានរងរបួស និង២១៤នាក់ទៀតនៅតែបាត់ខ្លួន។
ទីភ្នាក់ងារជំនួយបានព្រមានថា ភ្លៀងធ្លាក់ និងរលកកម្តៅក្ដៅខ្លាំងអាចបណ្តាលឱ្យមានការផ្ទុះឡើងនៃជំងឺផ្សេងៗ រួមទាំងជំងឺអាសន្នរោគ ក្នុងចំណោមអ្នករស់រានមានជីវិតពីការរញ្ជួយដីដែលកំពុងបោះជំរំនៅកន្លែងបើកចំហ។
ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ លោក ថម ផ្លេចឆឺរ (Tom Fletcher) បាននិយាយនៅក្នុងសារបង្ហោះនៅលើទំព័រ X ថា៖«ប្រជាជនពុងដេកនៅខាងក្រៅផ្ទះរបស់ពួកគេ ខណៈសាកសពមនុស្សជាទីស្រឡាញ់ត្រូវបានទាញចេញពីគំនរបាក់បែក។ ពួកគេភ័យខ្លាចពិតប្រាកដថា មានការរញ្ជួយដីបន្ថែមទៀត»។
ប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា ដូចជាប្រទេសចិន ឥណ្ឌា និងប្រជាជាតិអាស៊ីអាគ្នេយ៍ ស្ថិតក្នុងចំណោមប្រទេសដែលបានបញ្ជូនសម្ភារសង្គ្រោះ និងអ្នកជួយសង្គ្រោះកាលពីសប្តាហ៍មុន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅតំបន់រងគ្រោះដោយការរញ្ជួយដី ជាជម្រករបស់មនុស្សប្រហែល២៨លាននាក់។
សហរដ្ឋអាម៉េរិក បានសន្យាផ្តល់ជំនួយយ៉ាងហោចណាស់៩លានដុល្លារដល់មីយ៉ាន់ម៉ា ដើម្បីគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី ប៉ុន្តែការរុះរើកម្មវិធីជំនួយបរទេសបានប៉ះពាល់ដល់ការឆ្លើយតបរបស់មហាអំណាចពិភពលោកនេះ។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានបញ្ជាក់កាលពីពេលថ្មីៗនេះថា របបយោធាកំពុងរឹតបន្តឹងជំនួយនៅក្នុងតំបន់ដែលមិនគាំទ្រការគ្រប់គ្រងរបស់ខ្លួន។ ស្ថាប័ននេះ ក៏កំពុងស៊ើបអង្កេតការវាយប្រហាររបស់របបយោធាប្រឆាំងនឹងគូប្រជែង បន្ទាប់ពីបទឈប់បាញ់។ យោធាបានទម្លាក់គ្រាប់បែកនៅក្នុងរដ្ឋការីនី និងសាន កាលពីសប្តាហ៍មុន បើទោះបីជាមានការប្រកាសបទឈប់បាញ់ក៏ដោយ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់៕