អត្តពលិកឃីកបុកស៊ីងកម្ពុជា ១៣រូប ចូលរួមប្រកួតជើងឯកពិភពលោកលើកដំបូង នៅថៃ
(ភ្នំពេញ)៖ សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីចំនួន ១៣រូប ចូលរួមប្រកួតជើងឯកពិភពលោក (Kickboxing World Cup) លើកទី១ ឆ្នាំ២០២៥ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៧-១២ ខែមេសា ឆ្នាំ២០២៥។
លោក ហេង សុខឃន ប្រធានសហព័ន្ធ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ មានអត្តពលិកជាង ១,០០០នាក់ មកពី ៥២ប្រទេសចូលរួម ក្នុងនោះក៏មានប្រតិភូ និងអត្តពលិកកម្ពុជាផងដែរ ក្រោយទទួលបានការអនុញ្ញាត និងការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកបានចាត់ទុកបេសកកម្មនេះ គឺជាការប្រកួតដ៏សំខាន់មួយ សម្រាប់កីឡាករ-កីឡាការិនីក្នុងការវាស់ស្ទង់សមត្ថភាព និងបច្ចេកទេស បន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់កន្លងមក ដើម្បីត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ នេះផងដែរ ។
ប្រធានសហព័ន្ធដដែលបន្ដថា «ពួកយើងចូលរួមព្រឹត្តិការណ៍ជើងឯកពិភពលោកនេះ ដើម្បីដកពិសោធន៍ និងផ្លាស់ប្ដូរនូវបច្ចេកទេសថ្មី ក៏ដូចជាការវាស់ស្ទង់រវាងអត្តពលិករបស់យើង ជាមួយបណ្ដាប្រទេសផ្សេងៗ ពិសេសអត្តពលិកក្នុងតំបន់ ដើម្បីបង្កើននូវគុណវុឌ្ឍិ ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅទីក្រុងបាងកក នាចុងឆ្នាំ២០២៥»។
ក្នុងចំណោមកីឡាករ-កីឡាការិនីកម្ពុជាទាំង ១៣រូប នឹងត្រូវធ្វើការប្រកួតលើ ៣ប្រភេទវិញ្ញាសាធំៗ សុទ្ធសឹងជាវិញ្ញាសាមានសក្ដានុពលរបស់កម្ពុជា ដែលថ្នាក់ដឹកនាំសហព័ន្ធបានសម្រិតសម្រាំង និងសម្លឹងឃើញអាទិភាពខ្ពស់ក្នុងការប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗ ហើយក៏ជាវិញ្ញាសាដែលសហព័ន្ធត្រៀមស៊ីហ្គេមចុងឆ្នាំនេះផងដែរ ។ លោក ហេង សុខឃន បន្ថែម។
គួរដឹងថា មុនការប្រកួតជើងឯកពិភពលោកលើកដំបូង កន្លងមកក្រុមកីឡាឃីកបុកស៊ីងកម្ពុជា ធ្លាប់បានចូលរួមព្រឹត្តិការណ៍អន្ដរជាតិជាច្រើនមកហើយ និងដណ្ដើមបានមេដាយជូនជាតិជាបន្ដបន្ទាប់ ដូចជាការប្រកួតកីឡាស៊ីហ្គេម និងការប្រកួតជើងឯកអាស៊ីជាដើម ។ សម្រាប់ស៊ីហ្គេម លើកទី៣៣ នម្ចាស់ផ្ទះថៃ ក៏បានដាក់កីឡាឃីកបុកស៊ីង ក្នុងការប្រកួតផងដែរ ដែលជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធ កំពុងខិតខំប្រឹងប្រែងរៀបចំ និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដើម្បីចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់ ២ឆ្នាំម្ដងនេះ៕