នគរបាលខេត្តមណ្ឌលគិរី ពង្រាយកម្លាំងជិត១ពាន់នាក់ ការពារសុវត្ថិភាពអ្នកទេសចរក្នុងរដូវកាលបុណ្យចូលឆ្នាំខ្មែរ

មណ្ឌលគិរី៖ ស្របពេលដែលឱកាសបុណ្យចូលថ្មីប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ ស្នងការនគរបាលខេត្តមណ្ឌលគិរី បានត្រៀមលក្ខណៈក្នុងកម្រិតខ្ពស់ ដើម្បីបង្ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ការពារសុវត្ថិភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យសប្បាយរីករាយអបអរឆ្នាំថ្មី ដោយគ្មានទុក្ខព្រួយ និងមិនបារម្ភអំពីរឿងអសន្តិសុខនានាកើតឡើង ។

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លោកឧត្ដមសេនីយ៍ទោ ឡោ សុខា បានលើកឡើងថា នគរបាលខេត្តមណ្ឌលគិរី បានពង្រាយកម្លាំងទូទាំងខេត្តជាង៨០០នាក់ ការពារនិងថែរក្សាសុវត្ថិភាពតាមមូលដ្ឋានគ្រប់ទីកន្លែងក្នុងខេត្តមណ្ឌលគិរី ។ ការពង្រាយកម្លាំងថែរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ជូនពលរដ្ឋនិងភ្ញៀវទេសចរ មិនមែនធ្វើតែ រដូវកាលបុណ្យជាតិនោះទេ ពោលគឺធ្វើរៀងរាល់ថ្ងៃ ហើយកងកម្លាំងទាំងអស់ត្រៀមលក្ខណៈក្នុងកម្រិតខ្ពស់ចាប់ពីថ្ងៃ១០ខែមេសាខាងមុខ ។

លោកឧត្ដមសេនីយ៍ទោ ឡោ សុខា ថ្លែងទៀតថា កម្លាំងត្រូវបានដាក់ពង្រាយគ្រប់តំបន់ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី តួយ៉ាងមាននៅតាមតំបន់ទីប្រជុំជន តំបន់រមណីយដ្ឋាននានា ទាំងរមណីយដ្ឋានល្បីល្បាញ និងតំបន់រមណីយដ្ឋានទើបបង្កើតថ្មី នៅឆ្ងាយពីទីប្រជុំជន ។ ទន្ទឹមនេះ ទីតាំងរៀបចំសង្ក្រាន្តនឹងមានទាំងកម្លាំងចំហរ និងកម្លាំងបង្កប់ ដើម្បីឃ្លាំមើលគ្រប់សកម្មភាព បង្ការបង្ក្រាបទាន់ពេលវេលាចំពោះក្រុមចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដែលពួកគេអាចនឹងបន្លំខ្លួនធ្វើជាអ្នកទេសចរ ហើយឆ្លៀតឱកាសលួចសម្ភារៈផ្សេងៗ ក្នុងទីតាំងកម្សាន្ត ។

ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក៏បានប្ដេជ្ញានឹងបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ មិនឲ្យកើតមាន ប៉ុន្តែក៏សំណូមឲ្យអ្នកបើកបរទាំងឡាយ សូមកុំបើកបរក្នុងល្បឿនលឿនពេក ព្រោះស្ថានភាពផ្លូវរបស់ខេត្តមណ្ឌលគិរី មានសភាពកាច់កោងច្រើនកន្លែង ងាយគ្រោះថ្នាក់ ។ (មានសម្លេង)

លោកឧត្ដមសេនីយ៍ទោ ឡោ សុខា នៅថ្ងៃទី០៧ មេសានេះ ក៏បាននាំយកថវិកានិងអំណោយមួយចំនួនផ្ដល់ជូនកម្លាំងនគរបាល និងកម្លាំងប្រជាការពារ នៅតាមប៉ុស្តិ៍រដ្ឋបាលនគរបាលគ្រប់សង្កាត់ទាំងអស់ ក្នុងក្រុងសែនមនោរម្យ ក្នុងបំណងលើកទឹកចិត្តឲ្យកងកម្លាំង ប្រឹងប្រែងថែរក្សាសន្តិសុខឲ្យបានល្អប្រសើរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ។

លោកក៏បានដាក់បទបញ្ជាឲ្យកម្លាំងតាមមូលដ្ឋាន ពិនិត្យនិងជូនដំណឹងឲ្យពលរដ្ឋមានការប្រុងប្រយត្នខ្ពស់ ចំពោះអគ្គិភ័យដែលអាចបង្កឡើងជាយថាហេតុ នៅពេលម្ចាស់ផ្ទះ ទុកផ្ទះសម្បែងចោល ដើម្បីទៅស្រុកកំណើត ។ លោកក៏បញ្ជាឲ្យសម្រួលចរាចរណ៍គ្រប់ពេលវេលា បញ្ចៀសឡានដឹកទំនិញធុនធំ មិនឲ្យឆ្លងកាត់តំបន់ប្រជុំជន និងសម្រួលដល់ការដឹកកសិផលរបស់កសិករមិនឲ្យកកស្ទះ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ឆាប់ៗខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង