ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ធ្វើសកម្មភាពលួចរ៉ឺម៉កពលរដ្ឋបានសម្រេច ប្រទះឃើញបើករ៉ឺម៉កគេចខ្លួន ក៏ដេញតាមពីក្រោយរហូតទៅឃាត់បានរ៉ឺម៉កវិញ ចំណែកជនសង្ស័យទាំងនោះបានរត់គេចខ្លួនរួចទៅបាត់អស់

ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ធ្វើសកម្មភាពលួចរ៉ឺម៉កពលរដ្ឋបានសម្រេចកាលពី ថ្ងៃទី៨ ខែមេសា ឆ្នំា២០២៥នេះ ត្រូវកម្លាំងនគរបាលមូលដ្ឋានល្បាតក្នុងភូមិ សាស្ត្រប្រទះឃើញបើករ៉ឺម៉កគេចខ្លួន ក៏ដេញតាមពីក្រោយរហូតទៅឃាត់បានរ៉ឺម៉កវិញ ចំណែកជនសង្ស័យទាំងនោះបានរត់គេចខ្លួនរួចទៅបាត់អស់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃទី០៨ខែមេសាឆ្នាំ២០២៥ ស្ថិតនៅចំណុចខាងក្រោយវត្តកំពែង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់រ៉ឺម៉កមានឈ្មោះ ជុន សុធី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។

នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី០៨ខែមេសាឆ្នាំ២០២៥ ខណៈម្ចាស់រ៉ឺម៉កបានទុករ៉ឺម៉កនៅមុខផ្ទះដូចសព្វដងហើយបានចាក់សោត្រឹមត្រូវ ស្រាប់តែត្រូវបានជនសង្ស័យមួយក្រុមនាំគ្នាមកធ្វើសកម្មភាពកាត់សោរួចយកម៉ូតូសណ្ដោងរ៉ឺម៉កបានសម្រេចហើយបើកចេញទៅបាត់ស្រមោល លុះពេលភ្លឺឡើងម្ចាស់រ៉ឺម៉កបើកទ្វារផ្ទះមករៀបចំយករ៉ឺម៉កទៅដឹកកម្មកររោងចក្រធ្វើការបែរជាមិនឃើញទើបដឹងថាត្រូវបានចោរលួចជនរងគ្រោះបានរត់ទៅដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ១ភ្លាមៗដើម្បីឲ្យខាងសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវរករ៉ឺម៉កដែលបាត់នោះ ។
ប្រភពដដែលបន្តទៀតថា រហូតដល់វេលាម៉ោងកើតហេតុខាងលើ ខណៈពេលដែលកងកម្លាំងសមត្ថកិច្ចកំពុងតែចុះល្បាតពួនស្ទាក់បទល្មើសក្នុងភូមិសាស្ត្រក៏ប្រទះឃើញជនសង្ស័យទាំងនោះកំពុងតែបើករ៉ឺម៉ករបស់ជនរងគ្រោះដែលបាត់កាលពីយប់មិញដោយមានការសង្ស័យក៏ហៅអោយឈប់សួរនាំតែមិនព្រមឈប់ទាល់តែសោះ ហើយព្យាយាមបើកគេចខ្លួនចេញពីទីតាំងដែលប្រទះឃើញ ឡើងមកផ្លូវជាតិលេខ៣ ។ ពេលនោះកម្លាំងសមត្ថកិច្ចបានប្រដេញតាមប្រកិតពីក្រោយរហូត និងសុំជំនួយឲ្យខាងសមត្ថកិច្ចសង្កាត់ភ្លើងឆេះរទេះនឹងកម្លាំងសមត្ថកិច្ចសង្កាត់ពងទឹកជួយចូលរួមសហការជាមួយដេញតាមស្ទាក់ជនសង្ស័យទាំងនោះទៅឃាត់បានរ៉ឺម៉កវិញនៅចំណុចផុតស្ពាន៧មករា ស្រុកកណ្ដាលស្ទឹង ដោយសារអោយរថយន្តបែនដឹកដីបើកកៀរ៉ឺម៉កបណ្ដាលឲ្យបែកកង់ម្ខាងទើបឃាត់បាន ចំណែកជនសង្ស័យទាំងនោះលោតចុះពីលើរ៉ឺម៉ករត់គេចខ្លួនទៅបាត់ស្រមោលអស់តែម្ដង ។
បច្ចុប្បន្នរ៉ឺម៉កដែលជនសង្ស័យលួចខាងលើត្រូវបានសមត្ថកិច្ចសង្កាត់ចោមចៅ១អូសយកទៅរក្សាទុកនៅប៉ុស្តិ៍បណ្ដោះអាសន្នរងចាំប្រគល់ទៅអោយម្ចាស់រងគ្រោះវិញនៅថ្ងៃស្អែក ៕

អត្ថបទដែលជាប់ទាក់ទង