អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ពីការត្រួតពិនិត្យរបស់មន្ត្រីជំនាញលើកំហុសឆ្គង លោក សម្បត្តិ កុសល មុនបញ្ជូនទៅលោកឧបនាយកមន្រ្តីសម្រេចចុងក្រោយ
រាជធានីភ្នំពេញ៖ នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អះអាងថា ថ្នាក់លើកំពុងបន្តពិនិត្យលើកំហុងឆ្គងរបស់លោកផ្កាយ១ សម្បត្តិ កុសល មុននឹងបញ្ជូនទៅលោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចចុងក្រោយ ខណៈតួនាទីជាស្នងការរងខេត្តបន្ទាយមានជ័យបានរបូតជ្រុះបាត់ទៅហើយ…។
លោក ទូច សុខៈ បញ្ជាក់យ៉ាងដូច្នេះថា «ចំណាត់ការបន្ត គឺអង្គភាពជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រួតពិនិត្យពីករណីលោក សម្បត្តិ កុសល ហើយបន្ទាប់មកទៀត នឹងដាក់របាយការណ៍ជូនទៅលោកឧបនាយករដ្ឋមន្រ្តី ស សុខា ធ្វើសេចក្តីសម្រេចចុងក្រោយ»។ លោកបន្ថែមថា ជាចំណាត់ការរបស់ក្រសួងមហាផ្ទៃ គឺយើងបានតាមដាន និងស្រាវជ្រាវតាំងពីរឿងកើតឡើងដំបូងមកម្ល៉េះ ហើយក៏ឈានដល់ការសម្រចមួយជំហាន គឺប្តូរភារកិច្ចរបស់លោកស្នងការរងរូបនេះ។ យ៉ាងណា ក្រោយមានរឿងអាស្រូវផ្ទួនៗ លោក សម្បត្តិ កុសល ក៏ត្រូវបានប្តូរចេញពីតំណែងស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅឯនាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិវិញ តាំងពីអំឡុងខែមករា ឆ្នាំ២០២៥ មកម្ល៉េះ ប៉ុន្តែនៅរក្សាឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រី (ផ្កាយ១)ដដែល។
សូមជម្រាបថា ស្ត្រីមេតុងទីនឈ្មោះ ចិន ស្រីដា ដែលរងបណ្ដឹងពីលោកផ្កាយ១ សម្បត្តិ កុសល ពីបទគំរាមកំហែងហែកកេរ្តិ៍ និងទាមទារសំណងជំងឺចិត្ត២០ម៉ឺនដុល្លារអាម៉េរិក ក៏ធ្លាប់បានដាក់ពាក្យបណ្តឹងជូន លោកឧបនាយករដ្ឋមន្ត្រី អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំជួយអន្តរាគមន៍លើករណីចាញ់បោក លោកស្នងការរងរូបនេះជាមួយភរិយា អស់ប្រាក់ជាង២ម៉ឺនដុល្លារ តែក្រោយមកដោយគ្មានប្រាក់សងមកស្ត្រីមេតុងទីននេះវិញ លោក សម្បត្តិ កុសល និងភរិយា បានសន្យារត់ការរកតំណែងក្នុងជួរមន្ត្រីនគរបាលជាតិជំនួសវិញ។ ដោយឡែក លោកផ្កាយ១ សម្បត្តិ កុសល កាលពីកំលុងពេលកាន់តំណែងជាអធិការនៃអធិការដ្ឋាននគរបាលស្រុកតាវែង ខេត្តរតនគិរី ក៏ធ្លាប់មានរឿងអាស្រូវម្ដងដែរ ពោលគឺត្រូវមន្រ្តីក្រោមឱវាទរបស់ខ្លួនដាក់ពាក្យប្ដឹងមកកាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនៈគិរី ក្រោយពីប្រើប្រាស់អាវុធបាញ់គំរាមកូនចៅអស់ជាច្រើនគ្រាប់៕