ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ផ្តល់អំណោយជូនដល់បងប្អូនកងទ័ពនៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នៅថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមបណ្តាខេត្តក្នុងទិសនិរតីទាំងអស់ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយមេបញ្ជាការ មេបញ្ជាការរង នាយនាវី នាយនាវីរង ពលនាវី និងក្រុមគ្រួសារកងទ័ព អង្គភាពកងពលធំលេខ៣១ នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតក្នុងភូមិសាស្រ្តឃុំអូរ ស្រុកភ្នំស្រួច ផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ជូនដល់នាយនាវី នាយនាវីរង និងពលនាវីទាំងអស់ នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ និងបានសម្តែងនូវកតញ្ញុតាធម៌ដឹងគុណដ៏ជ្រាលជ្រៅ ព្រមទាំងថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជំនះគ្រប់ឧបសគ្គ ចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូអមដំណើរ ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ទៅប្រគល់ជូនយុទ្ធនាវីទាំងអស់នៃកងពលធំលេខ៣១ សរុបជាទឹកប្រាក់ចំនួន ១១១០០០ដុល្លារអាម៉េរិក ដើម្បីប្រើប្រាស់សម្រាប់បណ្តាសកម្មភាពដូចខាងក្រោម៖ ទី១)សម្ភារៈនិងឧបករណ៍គ្រប់ប្រភេទសម្រាប់សាងសង់ផ្លូវ និងលេណដ្ឋានប្រយុទ្ធតាមតំបន់កោះឆ្នេរ ទី២)សម្ភារៈកសាងជម្រក ទីហ្វឹកហាត់លើលំហាត់ប្រយុទ្ធគ្រប់ប្រភេទ សម្ភារៈបរិក្ខារមន្ទីរពេទ្យ និងសាលប្រជុំ ទី៣)គ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ ទី៤)ឧបករណ៍ សម្ភារៈបរិក្ខារ និងមធ្យោបាយនានាសម្រាប់ទំនាក់ទំនងផ្ទៃក្នុងទីបញ្ជាការដ្ឋានការពារកោះឆ្នេរ និង ទី៥)កម្មវិធីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ៕