ចិន វាយបកការដំឡើងពន្ធរបស់អាមេរិក ដោយទប់ស្កាត់ការនាំចូលខ្សែភាពយន្តហូលីវូដ
ប្រទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១០ មេសា) សប្ដាហ៍នេះថា ខ្លួននឹងរឹតបន្តឹងការនាំចូលខ្សែភាពយន្តហូលីវូដភ្លាមៗ ដើម្បីសងសឹកការដំឡើងពន្ធរបស់លោកប្រធានាធិបតីអាមេរិក Donald Trump លើទំនិញនាំចូលរបស់ចិន ដោយវាយបកលើការនាំចេញដ៏ល្បីបំផុតមួយរបស់អាមេរិក។
ក្រុមអ្នកវិភាគឧស្សាហកម្មនិយាយថា ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុទំនងជាមានតិចតួចបំផុត តែទោះជាយ៉ាងនេះក្ដី ចំណូលលក់សំបុត្រភាពយន្តហូលីវូដនៅចិន បានធ្លាក់ចុះខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ឧស្សាហកម្មហូលីវូដធ្លាប់បានសម្លឹងមើលទៅចិន ដែលជាទីផ្សារភាពយន្តធំជាងគេទីពីររបស់ពិភពលោក ដើម្បីជួយជំរុញការលក់សំបុត្ររបស់ខ្លួន ប៉ុន្តែភាពយន្តក្នុងស្រុករបស់ចិន មានប្រៀបជាងភាពយន្តហូលីវូដ។
បន្ទាប់ពី ៣ទសវត្សរ៍ក្នុងអំឡុងពេលដែលចិនបាននាំចូលភាពយន្តហូលីវូដចំនួន ១០រឿង ក្នុងមួយឆ្នាំ ពេលនេះរដ្ឋបាលភាពយន្តជាតិរបស់ទីក្រុងប៉េកាំង និយាយថា សកម្មភាពពន្ធរបស់លោក Trump នឹងធ្វើឱ្យតម្រូវការក្នុងស្រុកកាន់តែជូរចត់សម្រាប់ភាពយន្តអាមេរិកនៅក្នុងប្រទេសចិន។
នៅពេលត្រូវសាកសួរពីការរឹតបន្តឹងរបស់ចិននេះ លោក Trump មិនបានការពារហូលីវូដទេ ដោយគ្រាន់តែនិយាយថា “មានរឿងអាក្រក់ជាងនេះទៅទៀត”។ គួរឱ្យដឹងថា ចំណូលលក់សំបុត្ររួមនៅក្នុងទីផ្សារចិន នៃភាពយន្តហូលីវូដមានត្រឹមតែ ៥% ប៉ុណ្ណោះ ហើយក្រុមហ៊ុនហូលីវូដទទួលបានត្រឹមតែ ២៥% នៃការលក់សំបុត្រនៅចិន បើធៀបនឹងតួលេខពីរដងនៅក្នុងទីផ្សារផ្សេងទៀត៕