ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន ៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីភ្នំពេញឆ្ពោះទៅកាន់សៀមរាប

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ បានអញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីរួមខេត្តសៀមរាប។

នៅក្នុងការជូនដំណើរនោះ ឯកឧត្តម បានថ្លែងអំណរគុណដល់ប្អូនៗដែលចូលរួមស្ម័គ្រចិត្ត ចូលរួមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ដោយ ឯកឧត្តមបានផ្ដាំផ្ញើដល់ប្អូនៗចេះថែទាំសុខភាពឱ្យបានល្អ នៅក្នុងកំឡុងពេលបំពេញភារកិច្ច។
ឆ្លៀតក្នុងឱកាសនោះដែរ តាមរយៈប្អូនៗ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះអាណាព្យាបាលដែលបានអនុញ្ញាតឱ្យប្អូនៗបានចូលរួមបំពេញភារកិច្ចក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
សូមរំលឹកដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នេះ ដែលមានទស្សនីយភាព និងការតាំងបង្ហាញមរតកវប្បធម៌ដូនតាខ្មែរ ព្រមទាំងកម្មវិធីកម្សាន្តជាច្រើនទៀត នៅតាម៦ទីតាំងធំៗ ក្នុងនោះរួមមាន បរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយផ្លូវ King’s Road, តំបន់ផាប់ស្រ្ទីត និងអង្គរឃ្យូងយូ ៕

អត្ថបទដែលជាប់ទាក់ទង