សម្តេចធិបតី ៖ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅតាមបណ្ដាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ត្រូវខិតខំយកចិត្តទុកដាក់ជួយសម្រួលដល់លំហូរប្រជាពលរដ្ឋ ដែលធ្វើដំណើរចូលមកប្រទេសដើម្បីអបអរសាទរឆ្នាំថ្មី និងពេលត្រឡប់ទៅវិញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅលើគណនីផ្លូវការរបស់ សម្តេច នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះថា៖ «ជូនចំពោះបងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃដែលត្រូវត្រឡប់មកជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
តបតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា រាជរដ្ឋាភិបាលថៃបានឯកភាពលើកលែងការយកកម្រៃសេវ៉ាចេញចូល(re-entry fee) ពីប្រជាពលករខ្មែរដែលត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំនេះ ដែលអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។
សូមសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៅតាមបណ្ដាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ត្រូវខិតខំយកចិត្តទុកដាក់ជួយសម្រួលដល់លំហូររបស់ប្រជាពលរដ្ឋដែលធ្វើដំណើរចូលមកប្រទេសដើម្បីអបអរសាទរឆ្នាំថ្មី និងធ្វើដំណើរត្រឡប់ទៅវិញក្រោយពេលចូលឆ្នាំ ជាពិសេសគឺមិនឱ្យមានការយកកម្រៃនោះទេ»៕