អាជ្ញាធរជាតិអប្សរា ត្រៀមខ្លួន ក្នុងការទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥
សៀមរាប៖ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នេះ អាជ្ញាធរជាតិអប្សរា បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកទស្សនាកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះ មានក្រុមការងារភ្នាក់ងារទេសចរ ចំនួនជាង៤០០នាក់ ប្រចាំនៅគោលដៅចំនួន ១៨សំខាន់ៗក្នុងរមណីយដ្ឋានអង្គរ។ នេះបើតាមការឱ្យដឹងពីលោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា។
តាមរយៈបណ្ដាញសង្គមរបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែមេសា នេះ លោក ចាន់ សំណាង បញ្ជាក់ថា ក្រុមការងារភ្នាក់ងារទេសចរ នៅតាមគោលដៅសំខាន់ៗចំនួន១៨ ក្នុងរមណីយដ្ឋានអង្គរនេះ នឹងជួយសម្រួលការធ្វើដំណើរតាមដងផ្លូវ រួមមានខ្លោងទ្វារទន្លេអុំ ខ្លោងទ្វារជ័យ និងខ្លោងទ្វារដីឆ្នាំង របស់ក្រុងអង្គរធំ ដើម្បីជួយសម្រួល និងបញ្ជៀសចរាចរណ៍ កុំឱ្យកកស្ទះទៀតផង។ ក្រុមការងារក៏ត្រៀមជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរ ដែលមានគ្រោះថ្នាក់ផ្សេងៗ រក្សាទុកសម្ភារៈភ្ញៀវទេសចរដែលភ្លេច ឬជ្រុះ ដើម្បីផ្តល់ជូនម្ចាស់ដើមវិញ។
លោក បន្ថែមថា ក្រុមការងារភ្នាក់ងារទេសចរប្រចាំគោលដៅនីមួយៗ ក៏បានសម្អាតបរិស្ថាន រៀបចំទីធ្លាចំណត ជួសជុលជណ្ដើរកម្រាល និងដំឡើងបង្កាន់ដៃឈើមួយចំនួន និងសម្អាតគ្រឿងបរិក្ខាតាមប្រាសាទ។
ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរា សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប ដែលនឹងមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ សូមចូលរួមរក្សាអនាម័យក្នុងរមណីយដ្ឋានអង្គរ កុំពិសាគ្រឿងស្រវឹង ឬអាហារផ្សេងៗនៅក្នុងបរិវេណប្រាសាទបុរាណ។ ការធ្វើដំណើរកម្សាន្តក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវមានការយោគយល់អធ្យាស្រ័យគ្នា កុំបើកបរយានយន្តបញ្ច្រាសទិស និងចតនៅចំណតរក្សាសណ្តាប់រៀបរយ។ គោរពតាមក្រមប្រតិបត្តិអង្គរ ស្លៀកពាក់ឱ្យបានសមរម្យ ចៀសវាងការស្លៀកពាក់មិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រពៃណី និងវប្បធម៌របស់ជាតិខ្មែរ៕