លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំរៀបចំពិធីសំណេះសំណាល និងត្រួតពិនិត្យកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាឱកាសបុណ្យចូលឆ្នាំថ្មី
នៅរសៀលថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំរៀបចំពិធីសំណេះសំណាល និងត្រួតពិនិត្យកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ក្នុងឱកាសនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមកោតសរសើរដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត ដែលបានខិតខំប្រឹងប្រែងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកន្លងមក។ ហើយនាពេលខាងមុខនេះជាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដូច្នេះយើងត្រូវតែបន្តយកចិត្តទុកបំពេញភារកិច្ចក្នុងនាមជាកងកម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានសុខសុវត្ថិភាពល្អប្រសើរ ជាពិសេសជួយសម្រួលចរាចរណ៍តាមដងផ្លូវជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើត ឬធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋាននានាទាំងក្នុងខេត្ត និងតាមបណ្តាខេត្តផ្សេងៗ។
ជាចុងបញ្ចប់ ឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងនាំយកថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ៕