កម្ពុជា ចូលរួមអបអរខួប ១០ឆ្នាំ នៃការចុះល្បែងទាញព្រ័ត្រ ក្នុងបញ្ជីរួមគ្នា នៃមត៌កវប្បធម៌អរូបិយ របស់មនុស្សជាតិ នៅសាធារណៈរដ្ឋកូរ៉េ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូ និងក្រុមការងារ ក្នុងកម្មវិធីអបអរសាទរខួប លើកទី១០ នៃការចុះបញ្ជីល្បែងទាញព្រ័ត្រ ក្នុងបញ្ជីរួមគ្នា នៃមរតកវប្បធម៌អរូបិយ របស់មនុស្សជាតិ នៃអង្គការយូណេស្កូ ដែលបានធ្វើឡើងនៅទីក្រុងដាងជីន សាធារណៈរដ្ឋកូរ៉េ។
ពីធីនោះក៏មានការចូលរួម ដោយតំណាងសហគមន៍ទាញព្រ័ត្រ របស់រដ្ឋភាគីទាំង៤ ដូចជាកូរ៉េ កម្ពុជា ហ្វីលីពីន និងវៀតណាម។ ចំណែកឯគណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឈុំ ម៉េងហុង អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ក្នុងនោះ ក៏មានវត្តមានតំណាងសហគមន៍ចំនួនពីរ មកពីខេត្តកណ្តាល រួមមានតំណាងសហគមន៍កំពុងកុង ២រូប និងតំណាងសហគមន៍កំពុងក្តី មកពីខេត្តសៀមរាប ១រូប។ លើសពីនេះ ក្រុមល្ខោនខោលវត្តស្វាយអណ្តែត ដែលជាមរតកវប្បធម៌អរូបិយដ៏ល្បីល្បាញមួយទៀត របស់កម្ពុជា ក៏បានចូលរួមចំនួន ៦រូប ដើម្បីធ្វើការសម្តែង និងផ្សព្វផ្សាយពីភាពរុងរឿង នៃសិល្បៈវប្បធម៌ខ្មែរ ទៅកាន់អន្តរជាតិ។
គួរជម្រាបជូនថា « ល្បែងទាញព្រ័ត្រ » បានចុះបញ្ចូលក្នុងបញ្ជីរួម បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី ដោយគណៈកម្មការអន្តររដ្ឋាភិបាល នៃអង្គការយូណេស្កូ តាមការស្នើ ពីប្រទេសចំនួន៤ ក្នុងនោះមានប្រទេសកម្ពុជា សាធារណរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីន៕

អត្ថបទដែលជាប់ទាក់ទង