លោក ដូណាល់ ត្រាំ ថាសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងកិច្ចពិភាក្សាជាមួយចិន អំពីបញ្ហាពន្ធគយ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា បាននិយាយថាសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាជាមួយចិនអំពីពន្ធគយ ជាមួយការបង្ហាញក្ដីសង្ឃឹមថាមហាអំណាចសេដ្ឋកិច្ចទាំង២ អាចនឹងសម្រេចបានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមពាណិជ្ជកម្មដ៏ជូរចត់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន។ លោក ត្រាំ បានគូសបញ្ជាក់ថា «ជាការពិតណាស់ យើងកំពុង ជជែកជាមួយចិន។ ខ្ញុំចង់និយាយថាពួកគេបានទាក់ទងមកជាច្រើនដង»។ លោក ត្រាំ បានបញ្ជាក់ទៀតថាកិច្ចពិភាក្សាបានកើតឡើងចាប់តាំងពីលោកបានដំឡើងការយកពន្ធគយលើ ទំនិញនាំចូលពីចិនដល់ ១៤៥ភាគរយ បន្ទាប់ពីទីក្រុងប៉េកាំងចាត់វិធានការសងសឹក។
ក៏ប៉ុន្តែនៅពេលត្រូវបានសាកសួរថាតើរូបលោកបានពិភាក្សា ឬជជែកដោយផ្ទាល់ជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ដែរឬក៏យ៉ាងណា? លោក ត្រាំ មិនបាននិយាយឱ្យច្បាស់ៗ នោះទេ។
គួរបញ្ជាក់ថា នៅមុនជួបនាយករដ្ឋមន្ត្រីអ៉ីតាលី លោកស្រី Giorgia Meloni នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ លោក ត្រាំ ក៏បានបង្ហាញក្ដីសង្ឃឹមដែរថាសហរដ្ឋអាមេរិកអាចនឹង សម្រេចបានកិច្ចព្រមព្រៀងដ៏ល្អប្រសើរមួយជាមួយចិន៕