សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរឯកឧត្តម Xi Jinping និងគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍
បន្ទាប់ពីបញ្ចប់នូវដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូបានធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជាវិញហើយ។ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រី សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បានជូនដំណើរឯកឧត្តមប្រធានាធិបតី និងគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម
ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន គឺតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតីចិន បានពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមានការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ៕