ឃា..ត់ជនស..ង្ស័យ ១៨នាក់ បញ្ជូនទៅពន្ធនាគារ ករណីរុករករ៉ែមាសខុសច្បាប់
ជនសង្ស័យចំនួន ១៨នាក់ ក្នុងចំណោម ២០នាក់ ត្រូវបានសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចេញដីកាបង្គប់ឱ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កម្លាំងជំនាញនៃមន្ទីរបរិស្ថានខេត្ត បានចុះទៅដល់ទីតាំងតំបន់លូងឈូង ហើយក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ២០នាក់ ពាកព័ន្ធករណីរុករករ៉ែមាសអនាធិបតេយ្យដោយខុសច្បាប់ មិនមានលិខិតអនុញ្ញាត ក្នុងដែនជម្រកសត្វព្រៃស្រែពក កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ដែលស្ថិតនៅឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្នុងការបង្ក្រាបនោះ មន្រ្តីជំនាញបានរឹបអូសសម្ភារៈមួយចំនួន រួមមាន ម៉ូតូ ១៥គ្រឿង ដែកត្បែង៣ ចបកាប់ដីចំនួន៥។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យនេះ រហូតដល់ចៅក្រមស៊ើបសួររួចនៃសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ តុលាកាបានសម្រេចចេញដីកាបង្គប់ឱ្យឃុំខ្លួន ជនសង្ស័យចំនួន១៨នាក់ ជាបណ្តោះអាសន្ននៅពន្ធនាគារ ខេត្តមណ្ឌលគិរីរងចាំការអនុវត្តបន្ត។ ចំណែកជនសង្ស័យ ២នាក់ទៀត ត្រូវតុលាឱ្យនៅក្រៅឃុំបណ្តោះអាសន្នសិន ដោយម្នាក់ពិការជើង និងម្នាក់ទៀតមានជំងឺធ្ងន់ធ្ងរត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ៕