អភិបាលរាជធានីភ្នំពេញ ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ, កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ព័ន្ធនៃរាជធានីភ្នំពេញ ដែលបានចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់និងការរៀបចំប្រារព្ធសង្ក្រាន្តវត្តភ្នំ និងពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងប្រកបដោយសណ្តាប់ធ្នាប់
(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃរដ្ឋបាលខណ្ឌទាំង១៤, កងកម្លាំងប្រដាប់អាវុធទាំងអស់ និងសមត្ថកិច្ចពាក់ព័ន្ធនៃរាជធានីភ្នំពេញ ដែលបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបៀបរៀបរយ និងការរៀបចំប្រារព្ធសង្ក្រាន្តវត្តភ្នំ និងពិធីបុណ្យចូលឆ្នាំថ្មី ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងប្រកបដោយសណ្តាប់ធ្នាប់ សុខសុវត្ថិភាព មានសោភ័ណភាព និងសេចក្ដីថ្លៃថ្នូរ សាកសមជាបេះដូង នៃប្រទេសកម្ពុជា។
ជាមួយនោះដែរ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង សូមថ្លែងអរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមលេងកំសាន្តនៅភូមិសាស្រ្តរាជធានីភ្នំពេញ ប្រកបដោយភាពថ្លៃថ្នូរ មានសុជីវធម៌ សីលធម៌ គោរពគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់គ្នាក្នុងនាមខ្មែរនិងខ្មែរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ ថ្នាក់ដឹកនាំ អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងទាំងអស់ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញអំពីសុឆន្ទៈ មនសិការ និងការលះបង់កម្លាំង កាយចិត្ត ពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យព្រឹត្តិការណ៍នេះ សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ព្រមទាំងទទួលបាននូវការគាំទ្រកោតសរសើរ លើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានទទួលភ្ញៀវទេសចរសរុបចំនួន ២.៨៦៣.៩២២ នាក់ បន្ទាប់ពីបានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ និងតំបន់ Walk Street ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ក្នុងព្រឹត្តិការ «សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» មានរៀបចំកម្មវិធីសាសនា និងកម្មវិធីសប្បាយៗជាច្រើនផ្សេងទៀត ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចលេងកម្សាន្ដសប្បាយទទួលអំណរសាទរឆ្នាំថ្មីផងដែរ៕