រយៈពេល៣ខែ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនចំនួន៥៥លើក

(កំពង់ស្ពឺ)៖ រយៈពេល៣ខែ ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន បានសរុបចំនួន៥៥លើក។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ក្នុងនោះមានបទល្មើសព្រហ្មទណ្ឌចំនួន ១៧លើករួមមាន៖ ករណីរំលោភសេពសន្ធវៈចំនួន ១លើក, ករណីលួចចំនួន ២លើក, ករណីហិង្សា ក្មេងទំនើងចំនួន ០៥លើក, ករណីហិង្សាដោយចេតនា ចំនួន ៣លើក, ករណីហិង្សានៅក្នុងគ្រួសារ ចំនួន៣លើក, ករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតចំនួន ចំនួន២លើក និងករណីល្បែងស៉ីសងខុសច្បាប់ ១លើក។ ដោយក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន៥៧នាក់ មានស្ត្រីចំនួន ១៧នាក់ រួមទាំងរឹបអូសបានវត្ថុតាងម៉ូតូចំនួន ១៧គ្រឿង, ទូរស័ព្ទដៃចំនួន ៤០គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនទៀត។
ដោយឡែករយៈពេល៣ខែ ដូចគ្នានេះកម្លាំងកងរាជអាវុធហត្ថបានបង្ក្រាបទល្មើសគ្រឿងញៀនចំនួន ៣៨លើក ឃាត់ខ្លួនជនសង្ស័យចំនួន ៥៧នាក់ ក្នុងនោះមានស្ត្រីចំនួន ៤នាក់។ ដោយដកហូតបានវត្ថុតាងគ្រឿងញៀន ចំនួន ១៥៧កញ្ចប់ ស្មើនឹង៤៥៤,៨១ក្រាម, ទូរស័ព្ទខូចដែលបានលាក់គ្រឿងញៀនចំនួន ៣គ្រឿង, ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ៨គ្រឿង, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ឧបករណ៍ជក់បារីអេឡិចត្រនិក ចំនួន៣គ្រឿង ម៉ូតូ ២៩គ្រឿង, ទូរស័ព្ទ ៤៩គ្រឿង កាំភ្លើងកែច្នៃ ៥ដើម ព្រមទាំងវត្ថុតាងបទល្មើសមួយចំនួនទៀត។
ជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញ នៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមច្បាប់។
តាមរយៈប្រតិបត្តិការបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋានខេត្ត, កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក៏បានបង្ក្រាបការដាំដុះ និងដុតដើមកញ្ឆាចំនួន ៧,៧៥៥ដើម ព្រមទាំងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយបានបង្ក្រាបករណីគ្រឿងញៀនចំនួន ២លើកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង