សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មខ្លាំងរឿងអ្នករិះគន់ថា រាជរដ្ឋាភិបាលមិនតម្កើងវប្បធម៌ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខណៈកម្មវិធីវប្បធម៌ជាច្រើន ត្រូវបានបង្ហាញ

(កំពត)៖ ថ្លែងចេញពីទឹកដីខេត្ដកំពត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ បានប្រតិកម្មខ្លាំងរឿងអ្នករិះគន់ថា រាជរដ្ឋាភិបាល មិនតម្កើងវប្បធម៌ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះ ខណៈកម្មវិធីវប្បធម៌ជាច្រើន ត្រូវបានបង្ហាញ។
ការប្រតិកម្មខ្លាំងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នៅក្នុងខេត្ដកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងចូលឆ្នាំ ទៅថតតែម្នាក់លាត់អាវ ហើយថាវប្បធម៌ខ្មែរ អាលាយអស់ហើយ ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ចុះមិនថតនៅកន្លែងគេស្លៀកពាក់ប្រពៃណីម៉ាគរគោក ទៅថតតែគេបាញ់ទឹក ប៉ាតម្សៅ តែមិនទៅថតកន្លែងគេ លេងបោះអង្គញ់ ទាញព្រ័ត្រ»។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជាគ្រប់កន្លែង នៅក្នុងប្រទេសកម្ពុជា ចោលប្រពៃណីវប្បធម៌ សូមជេ និងរិះគន់ចុះ ប៉ុន្ដែបើត្រឹមតែយករូបភាពខ្លះ ត្រឹមតែមួយជ្រុងតូច ដែលវាអវិជ្ជមាន ហើយយកមកប៉ាតថា ប្រជាជនខ្មែរកណ្ដាល លែងគោរពប្រពៃណីវប្បធម៌នោះ វាមិនត្រឹមត្រូវនោះទេ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជឿថា ការដែលរិះគន់យករូបភាព តែមួយជ្រុងតូច ដែលវាអវិជ្ជមាន មករិះគន់បែបនេះ ប្រៀបដូចជា កំពុងតែមើលងាយប្រជាជនខ្មែរ ១៧លាននាក់ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងខិតខំ រក្សាប្រពៃណីវប្បធម៌របស់ខ្លួន។
គួររំលឹកថា រដ្ឋបាលរាជធានី-ខេត្ដ ទូទាំងប្រទេស នៅក្នុងឆ្នាំ២០២៥នេះ បានរៀបចំព្រឹត្ដិការណ៍អបអរសង្ក្រាន្ដឆ្នាំថ្មី នៅក្នុងមូលដ្ឋានរបស់ខ្លួន ចាប់ពីកម្រិតថ្នាក់ខេត្ដ ដល់ថ្នាក់ស្រុក-ឃុំ ទៅតាមគោលដៅទេសចរណ៍ វត្ដអារាមនានា បន្ថែមពីលើព្រឹត្ដិការណ៍ មហាអង្គរសង្គ្រាន្ដ ដែលបានរៀបចំ នៅក្នុងខេត្ដសៀមរាប។
សម្រាប់ការរៀបចំ អង្គរសង្ក្រានក្នុងឆ្នាំនេះ ក៏មានការរៀបចំ ល្បែងប្រជាប្រិយខ្មែរ ជាពិសេស សម្តេចបានណែនាំដល់គណៈអភិបាលរាជធានី/ខេត្តទូទាំងប្រទេស យកចិត្តទុកដាក់ រៀបចំលេងល្បែងប្រជាប្រិយខ្មែរ ឱ្យកាន់តែផុសផុល និងធ្វើការផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដ៏យូរអង្វែងរបស់ខ្មែរ ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង