ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្លៃ១០លានដុល្លារ

(កំពត)៖ នៅថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រើប្រាស់សេវាកម្មកំពង់ផែទេសចរណ៍ ភ្ជាប់ទៅកាន់តំបន់គោលដៅទេសចរណ៍ផ្សេងៗ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ គឺជាសមាសភាគមួយ នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជំរុញកំណើនវិស័យទេសចរណ៍ប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យដំណើរការសាកល្បង បានប្រព្រឹត្តទៅយ៉ាងល្អកន្លងមក ទោះបីជាមិនទាន់បានទៅដល់ការតភ្ជាប់ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ ឬជាលក្ខណៈអន្តរជាតិក៏ដោយ, ក៏កំពង់ផែនេះ បានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនភ្ញៀវទេសចរមកកាន់តំបន់សមុទ និង ការធ្វើដំណើរកម្សាន្តនៅតាមបណ្តាកោះនានាដូចជា : កោះរ៉ុង, កោះរ៉ុងសន្លឹម និង កោះស្តេចជាដើម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែទេសចរណ៍អន្តរជាតិកំពត គឺជាសមិទ្ធផលថ្មីមួយដែលសម្ពោធក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មានរឿងវិជ្ជមានច្រើនណាស់សម្រាប់សង្គម។ សូមរួមគ្នាលើកតម្កើង និងផ្សព្វផ្សាយភាពវិជ្ជមានឱ្យបានច្រើន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបន្តប្រឹងប្រែងធ្វើរឿងវិជ្ជមានសម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនមែនល្អឥតខ្ចោះនោះទេ តែរាជរដ្ឋាភិបាលបន្តប្រឹងប្រែងដោះស្រាយ និងកសាងសមិទ្ធផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនយល់សោះអ្នកខ្លះប្រើផ្លូវសង់ដោយថវិកាចិន និងធ្វើការនៅរោងចក្រវិនិយោគដោយចិន បែរជាចោទប្រកាន់ និងមានទស្សនៈមិនពេញចិត្តនឹងចិន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរាប់រកចិន គឺជាកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ដោយការគោរពគ្នា និងផ្អែកលើមូលដ្ឋានច្បាប់នានា។ កម្ពុជា មិនរណបប្រទេសណានោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅកម្ពុជា ជាសារបញ្ជាក់យ៉ាងច្បាស់នូវទំនាក់ទំនងរវាងកម្ពុជា និងចិន។ អ្នកវិភាគថា ចំណងទំនាក់ទំនងរវាងកម្ពុជា និងចិន មានឱនភាពនោះ ល្មមបញ្ចប់ហើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើរវល់តែឆ្លើយតបនឹងការអត្ថាធិប្បាយ ការចោទប្រកាន់នានា គឺដើរមិនដល់គោលដៅនោះទេ ដូច្នេះមានតែប្រឹងប្រែងធ្វើឱ្យគេឃើញសមិទ្ធផលនឹងភ្នែក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ជ្រើសរើសយកទាំងចិន និងអាមេរិក គឺយកទាំងស្ពៃ និងសាច់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិភាគរបស់លោក គឹម សុខ គឺកំពុងបំផ្លាញខ្លួនឯងឱ្យបាត់បង់ជំនឿ ព្រោះវិភាគមិនឈរលើសច្ចភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្រៀនលោក គឹម សុខ ឱ្យប្រកាន់យកគុណធម៌ និងសច្ចធម៌ ក្នុងនាមជាអ្នកនយោបាយកុំឱ្យបង់តម្លៃ។ សម្តេចបានថ្លែងថា ការនិយាយមិនប្រកាន់សច្ចធម៌ គឺជាការជីកដីកប់ខ្លួនឯង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយការបរទេសរបស់កម្ពុជា ប្រកាន់យកឯករាជ្យភាព ធ្វើមិត្តគ្រប់ប្រទេស មិនយកប្រទេសណាមួយជាសត្រូវនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចិនមិនមែនវិនិយោគតែនៅកម្ពុជានោះទេ ឆ្នាំ២០២៣ វិនិយោគនៅអាមេរិក ២៨ពាន់លានដុល្លារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាវារបស់ជប៉ុន២គ្រឿង ចូលចតកំពង់ផែ នៅខេត្តព្រះសីហនុ ហើយនៅពេលខាងមុខ វៀតណាម ឥណ្ឌា រុស្ស៊ី និងអាមេរិក ក៏នឹងចូលចតនៅកំពង់ផែសមុទ្ររាមផងដែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញកម្មវិធីចូលរួមកិច្ចប្រជុំនានានៅក្រៅប្រទេស រួមតាំងអឺរ៉ុបផង។ តាមរយៈកិច្ចប្រជុំទាំងនេះ បង្ហាញថា កម្ពុជារាប់រកគ្រប់ប្រទេស យកទាំងស្ពៃ សាច់គោ ថែមទាំងសាច់ត្រី។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលកសិផលមានបញ្ហាគេថត គេបង្អាប់រាជរដ្ឋាភិបាល តែពេលមានកសិផលមានទីផ្សារល្អ គេអត់លើកឡើងនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រតិកម្មខ្លាំងរឿងអ្នករិះគន់ថា រាជរដ្ឋាភិបាលមិនតម្កើងវប្បធម៌ខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខណៈកម្មវិធីវប្បធម៌ជាច្រើនត្រូវបានបង្ហាញ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបញ្ចប់ការជជែករឿងចាក់សាំងនៅខេត្តកំពត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការគ្រប់គ្រងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ អត់មាននិយាយរឿងប្រជែងអំណាចនោះទេ គឺនិយាយតែរឿងប្រសិទ្ធភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជម្រើសលក្ខខណ្ឌទាំងឡាយពាក់ព័ន្ធការគ្រប់គ្រងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ត្រូវប្រកាន់ប្រយោជន៍របស់រដ្ឋជាអតិបរមា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចគ្មានពេលវេលារង់ចាំការចរចារបស់ក្រសួង ស្ថាប័ននោះទេ គឺសម្តេចត្រូវការតែលទ្ធផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចសុខចិត្តឱ្យមន្ត្រីបន្ទោសរឿងលូកការងារ តែសម្តេចមិនឱ្យប្រជាពលរដ្ឋបន្ទោសថា ធ្វើការងារយឺតនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងក្តីរីករាយគ្រប់ខេត្ត មិនមានប្រតិកម្មរឿងថ្លៃអាហារតាមរមណីយដ្ឋាននានា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមហ៊ុនគិតគូររៀបចំ និងអនុវត្តផែនការវិនិយោគឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ បានយូរអង្វែង និងពង្រីក ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនេះបន្ថែមទៀត សម្រាប់នាវាធំៗដឹកអ្នកដំណើរ និងភ្ញៀវទេសចរចូល-ចេញ ឱ្យបានកាន់តែច្រើន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមហ៊ុនត្រូវបន្តលើកកម្ពស់ការផ្តល់សេវាកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព រហ័ស ងាយស្រួល និង ភាពជឿទុកចិត្ត, ដោយរក្សាតម្លៃសមរម្យ និង ធានាឱ្យបាននូវអនាម័យ និងសោភ័ណភាពនៅទីតាំងកំពង់ផែ, ជាពិសេសពង្រឹងសន្តិសុខ និង សុវត្ថិភាព សម្រាប់បុគ្គលិក អ្នកដំណើរ និងនាវា។ ជាមួយគ្នានេះ, គណៈកម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀមស្ដីពីប្រតិបត្តិការ និង ការថែទាំនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលមានសមាសភាពពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងទេសចរណ៍ និង រដ្ឋបាលខេត្តកំពត ក៏ត្រូវតាមដាន ត្រួតពិនិត្យ និងសម្របសម្រួលដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានា របស់ក្រុមហ៊ុន និង ធានាឱ្យបាននូវស្តង់ដារ និង គុណភាពសេវាកម្មរបស់កំពង់ផែ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការពិនិត្យលទ្ធភាពស្វែង រកក្រុមហ៊ុនដៃគូក្រៅស្រុក ដើម្បីពង្រីកប្រតិបត្តិការរបស់កំពង់ផែទេសចរណ៍នេះ ឱ្យកាន់តែទូលំទូលាយថែមទៀត ដែលនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីប្រទេសផ្សេងៗចេញ-ចូលបាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេ ងៗ នៅទីតាំងកំពង់ផែ និង ពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ ដូចជា៖ ការជិះកម្សាន្ត, ការបរិភោគអាហារ, ការរៀបចំពិធីកម្សាន្ត ឬ ទម្រង់ជាទេសចរណ៍តាមនាវានៅតាមព្រែកកំពង់ បាយ ឬ ព្រែកកំពង់សំរោង ជាពិសេសនៅពេលរាត្រី ជាដើម និង ការជំរុញផ្សព្វផ្សាយ ឱ្យកាន់តែ ទូលំទូលាយ សម្រាប់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់តំបន់កម្សាន្តផ្សេងៗ ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំ និងពន្លឿនការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរ ជាមួយបណ្តាប្រទេសជិតខាង ដែលកិច្ចការនេះគឺផ្ដោតសំខាន់ទៅលើតែសកម្មភាពពាណិជ្ជកម្ម និង ទេសចរណ៍ប៉ុណ្ណោះ ដោយ មិនត្រូវពាក់ព័ន្ធនឹងការចរចាអំពីព្រំដែនទឹកជាមួយបណ្តាប្រទេសជិតខាងនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយមន្ត្រីមានសមត្ថកិច្ច ដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង ឆាប់រហ័ស និង ប្រកបដោយក្តី រីករាយ និង ភាពជឿទុកចិត្ត ដោយអនុលោមតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើដល់ក្រសួងស្ថាប័ន និង សមត្ថកិច្ចពាក់ព័ន្ធបន្តផ្តល់កិច្ចសហការ និងសម្របសម្រួលបង្កលក្ខណៈងាយស្រួល ឱ្យដំណើរការអាជីវកម្មរបស់កំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ ប្រព្រឹត្តទៅដោយរលូន និង មានការគាំទ្រពីអតិថិជនប្រើប្រាស់ សេវាកម្ម ដើម្បីឈានទៅបង្កើនសមត្ថភាព ផ្តល់នូវជម្រើសសេវាកម្មថ្មីៗ និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែបន្ថែមទៀត។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖៥០នាទី នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង