សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសលុបបំបាត់ការយកមន្ត្រីរាជការ ទៅគ្រប់គ្រងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ត្រូវជ្រើសរើស CEO ឯកជនមកធ្វើការ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសលុបបំបាត់ការយកមន្រ្ដីរាជការ ទៅគ្រប់គ្រងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ ដោយកែសម្រួលដោយនឹងអាចអនុញ្ញាត ឲ្យជួលអ្នកមកពីវិស័យឯកជន ធ្វើកិច្ចការងារនេះតែម្ដងបាន ដើម្បីឲ្យការដឹកនាំបែបលក្ខខណៈឯកជន ចំណែករដ្ឋសូមធ្វើត្រឹមតែក្រុមប្រឹក្សាភិបាលបានហើយ។
ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត តម្លៃ១០លានដុល្លារ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ប្រសិនបើចង់ឲ្យកំពង់ផែទេសចរណ៍អន្ដរជាតិកំពត ដំណើរការកាន់តែល្អប្រសើរដូចវិស័យឯកជន សូមយកអ្នកក្នុងវិស័យឯកជន ដែលចេះដឹងកិច្ចការងារអាជីវកម្មលើវិស័យនេះ មកធ្វើកិច្ចការងារនេះ កុំចាំបាច់ឲ្យរដ្ឋបង្កើតក្រុមហ៊ុនមួយមកគ្រប់គ្រងធ្វើអ្វី?។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ឥឡូវសហគ្រាសាធារណៈរបស់រដ្ឋ ខ្ញុំសូមឲ្យកែសម្រួលត្រង់ថា ពីមុនសហគ្រាសាធារណៈរបស់រដ្ឋភាគច្រើន គឺជាមន្រ្ដីអ្នកធ្វើប្រធានប្រតិបត្តិ (CEO) ដោយមានមន្រ្ដីរាជការជា ប្រធានក្រុមប្រឹក្សាភិបាល ហើយមន្រ្ដីជាអ្នកធ្វើប្រធានក្រុមហ៊ុន ឥឡូវខ្ញុំឲ្យកែសម្រួលលក្ខន្តិកៈ កែម្រួលអនុក្រឹត្រ ដើម្បីបើកច្រកធ្វើប្រធានប្រតិបត្តិ យើងអាចជួលអ្នកមកពីវិស័យឯកជន ធ្វើកិច្ចការងារនេះតែម្ដងបាន ដើម្បីឲ្យគាត់ចេះដឹកនាំ ជាលក្ខខណៈឯកជន ហើយរដ្ឋធ្វើត្រឹមតែក្រុមប្រឹក្សាភិបាលបានហើយ»។
សម្តេចមហាបវរធិបតីបានបន្ថែមថា ដោយឡែកសម្រាប់ក្រុមប្រឹក្សាភិបាល សូមកុំមកលូកលាន់កិច្ចការងារដឹកនាំ របស់ក្រុមហ៊ុនឯកជន ទោះបីជាក្រុមហ៊ុនជាសហគ្រាសាធារណៈរបស់រដ្ឋក៏ដោយ ក៏ត្រូវតែរត់ក្នុងលក្ខណៈឯករាជ ដើម្បីប្រសិទ្ធិភាព ដែលធ្វើយ៉ាងណាយើងបានចំណេញទាំងអស់គ្នា ព្រោះថាបើធ្វើការជាឯកជនត្រូវមានផ្នត់គំនិតជាឯកជន ដូច្នេះអាចមានសិទ្ធិជួល និងទទួលខុសត្រូវជាឯកជន ការធ្វើបែបនេះនឹងធ្វើឲ្យកាន់តែមានប្រសិទ្ធិភាព ព្រោះដើម្បីឲ្យមានសមិទ្ធិផលជូនជាតិ និងប្រជាជនកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា «មន្រ្ដីយើងមានអ្នកចេះដឹងច្រើន មន្រ្ដីខ្លះបានរៀនដល់ PHD ប៉ុន្ដែពេលខ្លះមន្រ្ដីយើងមិនដែលចេះ និងធ្វើជាប្រធានក្រុមហ៊ុនឯកជននោះទេ មន្រ្ដីខ្លះចេះសសេរផែនការ, ចេះគោលនយោបាយ ប៉ុន្ដែមិនចេះក្បួនខ្នាតរបៀបធ្វើជាក្រុមហ៊ុនឯកជននោះទេ ទល់តែអ្នកធ្លាប់ និងចេះដឹកនាំក្រុមហ៊ុនឯកជនទើបអាចធ្វើបាន។ ដូច្នេះហើយសូមយើងកុំប្រកាន់ច្រើន សូមប្រកាន់ទស្សនៈថា ឆ្មាខ្មៅក៏បាន ឆ្មាសក៏បានឲ្យតែចាប់កណ្ដុរឲ្យយើងបាន ដូច្នេះទោះបីជាអ្នកមកពីវិស័ឯកជនក្ដី មកពីវិស័យរដ្ឋក្ដី ឲ្យតែអ្នកអាចធ្វើឲ្យក្រុមហ៊ុននេះ រកផលចំណេញឲ្យរដ្ឋបាន គឺអាចធ្វើបានហើយ»៕

អត្ថបទដែលជាប់ទាក់ទង