ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត
នៅថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា កំពង់ផែទេសចរណ៍អន្តរជាតិកំពតបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ក្រោមហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ។ ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែ រួមមាន ផ្លូវបេតុងចូលកំពង់ផែប្រវែង ២,៤០គីឡូម៉ែត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាតសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាជន និងកំពង់ផែ ប្រព័ន្ធចម្រោះទឹកកខ្វក់ របង ប៉ុស្តិ៍យាម ចំណតរថយន្ត សួនច្បារ ស្រះទឹក អគារប្រមូលទុកដាក់សំរាម អគារបន្ទប់ទឹកសាធារណៈ អគារបច្ចេកទេស អគាររដ្ឋបាលនិងអ្នកដំណើរ ចំណតនាវា ប្រព័ន្ធគ្រប់គ្រងអគ្គិភ័យ និងការបំពាក់ឧបករណ៍បច្ចេកទេសចាំបាច់ផ្សេងៗទៀតសម្រាប់ប្រតិបត្តិការកំពង់ផែ។
សូមបញ្ជាក់ថា ការបើកឱ្យដំណើរការកំពង់ផែនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃការតភ្ជាប់វិស័យទេសចរណ៍កម្ពុជាតាមផ្លូវសមុទ្រ ជាមួយប្រទេសជិតខាងក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដែលការតភ្ជាប់ទាំងអស់នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម៕