ប្រទះឃើញសាកស..ពនៅលើផ្លូវរថភ្លើង លើដងផ្លូវដែកលេខ ២០៩+៦៨០ ស្ថិតក្នុងភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ព្រះសីហនុ ៖ នៅថ្ងៃទី២១.០៤.២០២៥ កម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំទឹកល្អក់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា បានប្រទះឃើញសាកសពនៅលើផ្លូវរថភ្លើង ពេលដែលគាត់ដើរលើផ្លូវដែកដើម្បីមកធ្វើការ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍បានរាយការណ៍មកកម្លាំងជំនាញចរាចរណ៍និងសណ្ដាប់ធ្នាប់ សហការជាមួយកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ពិនិត្យឃើញថា ៖
នៅថ្ងៃទី២១.០៤.២០២៥ វេលាម៉ោងប្រហែល ០១ជាងយប់ លើដងផ្លូវដែកលេខ ២០៩+៦៨០ ស្ថិតក្នុងភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយអ្នកថ្មើរជើង ០១នាក់ មិនច្បាស់ទិសដៅ និងមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស (សតិមិនប្រក្រតី) លុះមកដល់ចំណុចខាងលើ បានដេកលើផ្លូវដែក រួចមានរថភ្លើង០១ខ្សែ មិនស្គាល់ម៉ាក ដែលមានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅ ខេត្តកំពត និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានកិនអ្នកថ្មើរជើងកំពុងដេកលើផ្លូវដែកចំជើងខាងស្ដាំដាច់ជើងតែម្ដង ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលអោយអ្នកថ្មើរជើង (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
សាកសពត្រូវបានអាជ្ញាធរភូមិ-ឃុំបញ្ចុះក្បែរទីតាំងកន្លែងកើតហេតុ ដោយរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថភ្លើងបានបន្ដដំណើរទៅខេត្តកំពតបាត់ក្រោយពេលកើតហេតុ ៕