ខេត្តស្វាយរៀងប្រឈមកង្វះកម្លាំងពលកម្មជិត២ម៉ឺនកន្លែងបម្រើលើវិស័យឧស្សាហកម្ម
ស្វាយរៀង ៖ យោងតាមរបាយការណ៍របស់មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តដែលBTVទទួលបានតាមសារតេឡេក្រាមនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះពីលោក អ៊ូ សុខឿនប្រធានមន្ទីរ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះខេត្តស្វាយរៀងបានប្រឈមកង្វះកម្លាំងពលកម្មបម្រើការងារលើវិស័យឧស្សាហកម្មប្រមាណជិត២ម៉ឺនកន្លែងខណៈដែលក្រុមអ្នកវិនិយោគបានចូលមកវិនិយោគបង្កើតរោងចក្រសហគ្រាសបន្ថែមជាបន្តបន្ទាប់ក្នុងវិស័យឧស្សាហកម្ម។
របាយការណ៍បានបញ្ជាក់ថាស្វាយរៀងបន្ទាប់ពីរាជរដ្ឋាភិបាលបានបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស នៅឆ្នាំ២០០៥ រហូតមកដល់ឆ្នាំ២០២៥នេះស្វាយរៀងមានរោងចក្រសហគ្រាសកំពុងដំណើរផលិត ផលិតផលនាំចេញចំនួន១ពាន់៣កន្លែង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន១២តំបន់ ដោយបង្កើតការងារអោយកម្មករ និយោជិត ធ្វើការស្រូបកម្រៃពលកម្មពីរោងចក្រសហគ្រាសជិត១សែននាក់ ។
សូមបញ្ជាក់ថាស្វាយរៀងក្រៅពីកម្មករ កម្មការិនី បម្រើលើកវិស័យឧស្សាហកម្ម ស្វាយរៀងនៅមានកម្មករ កម្មការិនីបម្រើការងារលើ វិស័យផ្សេងៗទៀតចំនួនជាង៥ម៉ឺននាក់ ខណៈដែលបច្ចុប្បន្ននេះក្រុមអ្នកវិនិយោគបានចូលមកបង្កើតរោងចក្របន្ថែមនៅតំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ធ្វើអោយស្វាយរៀងបានប្រឈមកង្វះកម្លាំងពលកម្មជិត២ម៉ឺននាក់ដើម្បីបំរើការងារ ៕