ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia

(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia៖
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយ ដោយបានចូលរួមក្នុង «ពិធីសម្ភោធដាក់ឱ្យដំណើរការ ខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)»។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីកខ្សែច្រវាក់ផលិតកម្មថ្មីរបស់ក្រុមហ៊ុន Ford Motor របស់អាមេរិក នៅលើទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមោទនភាពមួយបន្ថែមទៀត សម្រាប់ពលរដ្ឋមូលដ្ឋាននៅទីនេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេសក្នុងការទទួលបានវត្តមានថ្មី បន្ថែមរបស់ឧស្សាហកម្មធុនធ្ងន់ទំនើប ដែលបាននិងកំពុងចូលរួមបង្កើនឱកាសការងារ, កំណើនបៀវត្ស, ការអភិវឌ្ឍធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យា ក្នុងការអនុវត្តការងារផ្ទាល់ នៅក្នុងខ្សែច្រវាក់ផលិតកម្ម។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញមោទនភាព និងវាយតម្លៃខ្ពស់ចំពោះគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា, ជាពិសេសចំពោះក្រុមហ៊ុនអន្តរជាតិ RMA Group ជាក្រុមហ៊ុននាំមុខមួយក្នុងការផ្គត់ផ្គង់ផលិតផល និងសេវា ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងក្រុមហ៊ុន Ford Motor Company ជាក្រុមហ៊ុនដ៏ធំរបស់អាមេរិក ដែលបានផ្តល់ទំនុកចិត្ត និងជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគរបស់ខ្លួន ដើម្បីចែកចាយនៅលើទីផ្សារក្នុងស្រុក ប្រកបដោយសក្តានុពល យោងទៅលើស្ថានភាពនៃការអភិវឌ្ឍរីកចម្រើន និងកំណើនជីវភាព ជាបន្តបន្ទាប់របស់ប្រជាពលរដ្ឋកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានជួបជាមួយប្រធានក្រុមហ៊ុន RMA តាំងពីនៅជាមេទ័ពជើងគោកម្ល៉េះ។ កាលនោះ សម្តេចបានជួយសម្របសម្រួលលើកិច្ចការមួយចំនួន ដើម្បីឱ្យក្រុមហ៊ុនអាចបើករោងចក្រដំឡើងរថយន្តនៅកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគរបស់ក្រុមហ៊ុននីមួយៗ គឺមិនងាយស្រួលទេ បើគ្មានការយកចិត្តទុកដាក់ និងជួយគាំទ្រពីរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធទេនោះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេលជិត៣ឆ្នាំ រោងចក្រដំឡើងរថយន្ត Ford បានវិវឌ្ឍន៍ពីមានកម្មករនិយោជិតត្រឹម១៦០នាក់ ប្រាក់ឈ្នួលត្រឹមជាង ២០០ដុល្លារ ទៅ៦០០ដុល្លារ កើតដល់មានកម្មករ និយោជិតដល់ ៤០៤នាក់ ទទួលបានប្រាក់ឈ្នួលចន្លោះពី ៣២០ដុល្លារ ទៅ៨០០ដុល្លារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការវិវឌ្ឍន៍នេះ ស្តែងឱ្យឃើញពីស្ថានភាពដ៏ល្អប្រសើរលើវិស័យការងារ និងស្ថានភាពសង្គមកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពី៩០ជាង កម្ពុជានាំចូលទាំងអស់ តែបច្ចុប្បន្នមានផលិតផលជាច្រើនផលិតដោយកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជារឿងពោរពេញដោយមោទនភាព ដែលលើតួម៉ាស៊ីនរបស់រថយន្ត Ford ត្រូវបានអនុញ្ញាត និងទទួលស្គាល់លើការវាយផ្លាកលេខថា ផលិតនៅកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់ការវិនិយោគរបស់ក្រុមហ៊ុនបរទេសនៅកម្ពុជា មិនមែនជាការកេងចំណេញនោះទេ គឺជាការធ្វើពាណិជ្ជកម្មដោយសមភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំណើនវិនិយោគនៅកម្ពុជា ដោយសារបរិយាកាសវិនិយោគនៅកម្ពុជាមានភាពល្អប្រសើរ ហើយកែលំអជាប់ជាប្រចាំ ជាពិសេសកម្ពុជារក្សាបានស្ថេរភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការវិនិយោគរបស់បរទេសផលប្រយោជន៍មុនគេ គឺការបង្កើតការងារ, ពលរដ្ឋមានលទ្ធភាពទិញរថយន្តថ្មីតម្លៃសមរម្យ ហើយជួយកាត់បន្ថយការនាំរថយន្តចាស់ចូលពីក្រៅប្រទេស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលថាជាអ្នកបានប្រឹងប្រែងទម្លុះបញ្ហានានានាំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ទៅថ្ងៃមុខក្រុមហ៊ុននៅកម្ពុជា ខិតខំផលិតគ្រឿងបង្គុំនៅកម្ពុជាឱ្យបានច្រើន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញនយោបាយ លើកទឹកចិត្តដល់អ្នកវិនិយោគបរទេសឱ្យមកផលិតគ្រឿងបង្គុំនៅកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រដំឡើងរថយន្តចំនួន៩។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាប្រើជំហានគីង្គក់ តែកម្ពុជាដើរទៅមុខជានិច្ច។ មិនធ្វើត្រឹមតែផ្នែកកសិកម្មប៉ុណ្ណោះទេ បច្ចុប្បន្នក៏អាចដំឡើងរថយន្តបានផងដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនប្រកែកនឹងការអញ្ជើញទៅសម្ពោធសមិទ្ធផលនានារបស់វិស័យឯកជននោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានធ្វើរឿងច្រើនណាស់ ដើម្បីជំរុញភាពរីកចម្រើននៅខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់។ ដំបូងបំផុត គឺការធ្វើឱ្យមានសុខសន្តិភាព និងការសាងសង់ផ្លូវជាតិជាច្រើនខ្សែ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសង់ផ្លូវដែកភ្ជាប់មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្នុងស្រុកក្រគរ ដើម្បីសម្រួលដល់ការដឹកជញ្ជូន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរក្សាបានសុខសន្តិភាព ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ មិនមែនជាខេត្តដែលគេទៅហួស មកហួសទៀតនោះឡើយ គឺក្លាយជាខេត្តមានឧស្សាហកម្មច្រើន កន្លែងទេសចរណ៍ច្រើន និងមានមូលដ្ឋានការងារច្រើន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការពិចារណាសម្រាប់ការវិនិយោគលើការដំឡើង និងផលិតរថយន្តនៅក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើក្រុមហ៊ុនរថយន្ត Ford លក់តម្លៃធូរថ្លៃជាងគេ នោះរដ្ឋនឹងទិញរថយន្ត Ford ទៅប្រើប្រាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រុមហ៊ុនផលិត និងដំឡើងរថយន្តនៅក្នុងស្រុក ផលិតរថយន្តក្នុងតម្លៃសមរម្យ ដើម្បីពលរដ្ឋមានលទ្ធភាពកាន់តែច្រើនក្នុងការទិញរថយន្តប្រើប្រាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងរ៉ែ និងថាមពល សង់ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមផ្លូវជាតិឱ្យបានច្រើន ហើយគិតគូរឱ្យបានខ្ពស់ពីសុវត្ថិភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងរ៉ែ និង ថាមពល សហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិចារណាកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការផ្គត់ផ្គង់ថាមពលអគ្គិសនីស្របតាមស្តង់ដា Clean Energy ដើម្បីបំពេញលក្ខខណ្ឌតម្រូវក្នុងការនាំចេញទំនិញ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីបម្រើដល់កិច្ចអភិវឌ្ឍន៍ មិនអាចចៀសផុតពីការប្រើប្រាស់ធនធានធម្មជាតិដូចជាការប្រើខ្សាច់ និងថ្មភ្នំជាដើម។ ប៉ុន្តែត្រូវតែគ្រប់គ្រង និងកំណត់ការប្រើប្រាស់ឱ្យបានច្បាស់លាស់ ដើម្បីធានាបានការអភិវឌ្ឍដោយចីរភាព។
* សម្តេចមហាបវរ ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងអនុវត្តន៍ដោយម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារធនធានធម្មជាតិ រួមទាំងដីព្រៃ និងត្រីក្នុងបឹងទន្លេសាប។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហើបពីការធ្វើច្បាប់ឡើងវិញ ពាក់ព័ន្ធការប្រើប្រាស់ឧបករណ៍នេសាទ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងព្រមានដល់ក្រុមជនល្មើសនេសាទលើផ្ទៃបឹងទន្លេសាប កុំប្រើហិង្សាលើកងកម្លាំងដែលចុះបង្ក្រាប។ សម្រាប់ជនល្មើសប្រើហិង្សាលើកងកម្លាំង សម្តេចអនុញ្ញាតឱ្យប្រើវិធានការការពារខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យរួមគ្នាការពារធនធានមច្ឆជាតិ ដោយបញ្ឈប់ការនេសាទល្មើសច្បាប់។ មានត្រីច្រើន តម្លៃថោក ប្រសើរជាងអត់មានត្រី ហើយត្រីថ្លៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់វិនិយោគិន ជ្រើសរើសយកកម្ពុជា ជាគោលដៅ សម្រាប់ការវិនិយោគ ដោយសារកម្ពុជាមានផលលាភសុខសន្តិភាព ស្ថិរភាព នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និង ផលលាភប្រជាសាស្ត្រ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សរសើរគុណភាពរថយន្ត Ford Ranger Wildtrak Truck ដែលសម្តេចធ្លាប់ប្រើ។ សម្តេចបានបញ្ជាក់ថា កម្ពុជា មិនមានគោលការណ៍ប្រើតែរថយន្តមកពីប្រទេសនេះ ឬប្រទេសនោះ នោះឡើយ។ កម្ពុជា ប្រើទាំងអស់រថយន្តរបស់ប្រទេសណាក៏ដោយ។ កម្ពុជា ត្រូវការទាំងសាច់គោ ស្ពៃ ត្រី បន្លៃផ្លែឈើ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បងប្អូនខ្មែរយើងបើទិញឡាន គឺចង់ទិញឡាន ដែលមានក្រុមហ៊ុននៅក្នុងស្រុក ព្រោះងាយស្រួលផ្លាស់ប្តូរគ្រឿងបន្លាស់ និងសេវាកម្មផងដែរ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១០៖០៥នាទី នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង