ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដើម្បីពិនិត្យ និងពិភាក្សា លេីវិធីសាស្រ្ត ឬបច្ចេកទេសនៃការដោះស្រាយវិវាទ សំដៅជំរុញបន្ថែមទៀតនូវសន្ទុះនៃការដោះស្រាយវិវាទ ក្នុងក្របខ័ណ្ឌ នៃ អ.ដ.ក.។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ដែលមានចំនួនសរុបប្រមាណជាង ៩០ រូប។
នៅក្នុងកិច្ចប្រជុំនេះ តំណាងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានធ្វើបទបង្ហាញដើម្បីចែករំលែកអំពីបទពិសោធន៍ បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងកិច្ចដំណើរការ នៃការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងរយៈពេលកន្លងមក។ ទន្ទឹមគ្នានេះ កិច្ចប្រជុំក៏បានធ្វើការពិភាក្សា ចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹង ការដោះស្រាយវិវាទផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំដល់អគ្គលេខាធិការដ្ឋាន និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ឱ្យយកចិត្តទុកដាក់ក្នុងការរក្សា និងពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើ យន្តការនៃ អ.ដ.ក. ដោយត្រូវផ្តោតសំខាន់លេីកិច្ចការចំនួន ៣ គឺ ៖
ទី១៖ បន្តយកចិត្តទុកដាក់ក្នុងការរៀបចំ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទឱ្យបានត្រឹមត្រូវ តាមច្បាប់ ធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្ត។
ទី២៖ មន្ត្រី សម្រុះសម្រួល ដោះស្រាយ វិវាទត្រូវ បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងអនុវត្តការងារ ប្រកបដោយវិជ្ជាជីវៈខ្ពស់។
ទី៣៖ ត្រូវពង្រឹង និងពង្រីកការផ្តល់សេវា ដោះស្រាយវិវាទឱ្យបានកាន់តែទូលំទូលាយ ដោយឆ្ពោះទៅការចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសតំបន់ដែលមានជនជាតិដេីមភាគតិច និងតំបន់ដាច់ស្រយាល៕