ករណីបុរសម្នាក់លង់ទឹកស្លា..ប់ នៅត្រង់ចំណុចស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន
កំពង់ស្ពឺ ៖ ករណីបុរសម្នាក់លង់ទឹកស្លាប់ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ១០ នាទី ប្រព្រឹត្តនៅត្រង់ចំណុចស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយជនរងគ្រោះដែលបានលង់ទឹកស្លាប់មានឈ្មោះ សៀង វុទ្ធី ភេទប្រុស អាយុ៤១ ឆ្នាំ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរយោធា នៅលីវ។
យោងតាមការបំភ្លឺរបស់ឈ្មោះ សឿង សៅនី ភេទប្រុស អាយុ 41 ឆ្នាំ រស់នៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មុខរបរលក់ដូរ មានលេខទូរស័ព្ទ ០៩៧៨៨៨០៣០៤ ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ បានរៀបរាប់បំភ្លឺជូនសមត្ថកិច្ចថា មុនពេលកើតហេតុនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១០ និង ៣០ នាទី ខ្លួនកំពុងនៅហាងលក់បាយម្ហូប របស់ខ្លួនស្ថិតក្នុងផ្សាររាត្រីកំពង់ស្ពឺ ក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោយមកឈ្មោះ សៀង វុទ្ធី បានជិះកង់មកដល់ហាងរបស់ខ្លួន ហើយបានសួររកក្រវិលកំពុងស្រាបៀរ បន្ទាប់មកឈ្មោះ សឿង សៅនី បានឱ្យក្រវិលកំប៉ុងទៅឈ្មោះ សៀង វុទ្ធី ចំនួន 5 កំប៉ុង និងលុយមួយម៉ឺនរៀល ក្រោយមកឈ្មោះសៀង វុទ្ធី បានទៅដូរយកស្រាបៀរបានចំនួនប្រហែល១០កំប៉ុង បន្ទាប់មកបានអង្គុយហូបស្រាបៀរនោះនៅហាងរបស់ខ្លួន អស់ចំនួន 8 កំប៉ុងម្នាក់ឯង ចំណែកឯមិត្តភក្តិ ផ្សេងទៀតដែលនៅទីនោះសរុបទាំងអស់មានគ្នាចំនួន 4 នាក់ ក៏អង្គុយហូបបាយនៅក្នុងហាងនោះដែរ។
លុះរហូតមកដល់វេលាម៉ោង ១៣ និង ៣០ នាទី ឈ្មោះសៀង វុទ្ធី បានប្រាប់ខ្លួននិងមិត្តភក្តិផ្សេងទៀតថា ខ្លួនទៅនោមបន្តិច ក្រោយមកឈ្មោះសៀង វុទ្ធី ក៏បានដើរចុះទៅខាងក្រោមច្រាំងមាត់ស្ទឹង មួយសន្ទុះក្រោយមក ឈ្មោះសឿង សៅនី និងមិត្តភក្កិផ្សេងទៀត បានឃើញឈ្មោះសៀង វុទ្ធី កំពុងហែលក្នុងទឹកស្ទឹងព្រែកត្នោត ពីទិសខាងត្បូងទៅទិសខាងជើង ចំណុចពាក់កណ្ដាលស្ទឹង ហើយបានលើកដៃលាបាយៗ មិត្តភក្កិថែមទៀតផង ក្រោយមកក៏លិចចូលក្នុងទឹកស្ទឹងបាត់។
បន្ទាប់មកឈ្មោះ សឿង សៅនី និងមិត្តភក្កិផ្សេងទៀត បាននាំគ្នាជិះម៉ូតូទៅប្រាប់ឪពុកម្ដាយនិងក្រុមគ្រួសាររបស់ឈ្មោះសៀង វុទ្ធី ហើយឈ្មោះសឿង សៅនី មិត្តភក្កិបាននាំគ្នាចុះរាវរកឈ្មោះសៀង វុទ្ធី ក្នុងស្ទឹងព្រែកត្នោត ប្រហែលជា 20 នាទីក្រោយមក ក៏បានរកឃើញឈ្មោះ សៀង វុទ្ធី ក្នុងសភាពសន្លប់ស្ដូកស្ដឹងបាត់ទៅហើយ ភ្លាមនោះក្រុមគ្រួសារក៏បានទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកយកឈ្មោះ សៀង វុទ្ធី ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ប៉ុន្តែនៅពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ក្រុមគ្រួសារថាឈ្មោះសៀង វុទ្ធី បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ក្រោយមកក្រុមគ្រួសារក៏បាននាំយកសព ឈ្មោះសៀង វុទ្ធី មកលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ៕