ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ
នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបប្រជុំពិភាក្សាការងារស្តីពីកម្មវិធីប្រចាំឆ្នាំ២០២៥ ជាមួយនឹងក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំដោយលោក Anthoney Robert Gill នាយករងរបស់ស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ដែលការប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការតំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា អគារវឌ្ឍនៈ រាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូពីទីស្នាក់ការកណ្តាល ក្នុងប្រទេសហ្វីលីពីន។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះបានផ្តោតទៅលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
ទី១)ការបន្ថែមទុនវិនិយោគទៅលើគម្រោងការគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ
ទី២)ការបន្តនិរន្តរភាពលើមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក
ទី៣)ការធ្វើទំនើបកម្មវិស្វកម្មនិងវិទ្យសាស្រ្តលើមជ្ឈមណ្ឌលជាតិ ទាំងធនធានមនុស្សនិងឧបករណ៍ឱ្យទាន់នឹងនិយាមរបស់អង្គការសហប្រជាជាតិ (UN) និង ទីភ្នាក់ងារឧតុនិយមអន្តជាតិបារាំង(MFI)
ទី៤)ការបន្ថែមវិសាលភាពនៃមជ្ឈមណ្ឌល ដើម្បីគ្របដណ្តប់លើអាងទន្លេទាំងប្រាំ ជាពិសេសតំបន់អាងសមុទ្រ ដោយបន្ថែម Hydrometers, AWS, Radar គ្រប់ប្រភេទទាំងអស់ និងផ្កាយរណប
ទី៥)រៀបចំផែនការការងារមេក្នុងការធានាលើសន្តិសុខទឹក រហូតដល់ស្រែបងប្អូនប្រជាកសិករ ដើម្បីទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ ការឡើងកម្តៅ និងរលករបស់វា
ទី៦)សិក្ខាសាលាជាតិ និងសុំការអនុម័តពីសំណាក់ថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងពីសំណាក់ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ទី៧)សហការជាមួយថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍អាស៊ី និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វែងរកសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍នានា ក្នុងការបន្ថែមមូលធនវិនិយោគលើការងារអនុវត្តន៍លើបណ្តាកម្មវិធីខាងលើ៕