ចិន លើកឡើងថា ទ្វារបើកចំហសម្រាប់ការពិភាក្សាពាណិជ្ជកម្មបន្ទាប់ពីលោក Trump បង្ហាញសញ្ញាថានឹងទម្លាក់ពន្ធ
ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធ ២៣ មេសាសប្ដាហ៍នេះ ថាទ្វារបើកចំហយ៉ាងទូលំទូលាយសម្រាប់កិច្ចចរចាពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន មួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក Donald Trump បានផ្តល់សញ្ញាអំពីលទ្ធភាពនៃការទម្លាក់ពន្ធយ៉ាងច្រើនលើទីក្រុងប៉េកាំង។
ដោយនាំមកនូវការធូរស្រាលបន្ថែមទៀតដល់ទីផ្សារពិភពលោកដែលរង្គោះរង្គើដោយគោលនយោបាយពាណិជ្ជកម្មដ៏គឃ្លើនរបស់លោក លោកTrumpក៏បាននិយាយកាលពីថ្ងៃអង្គារផងដែរថាលោកពុំមានចេតនាបណ្តេញប្រធានធនាគារកណ្តាលអាមេរិកលោក Jerome Powell នោះទេ។
ចាប់តាំងពីការវិលត្រឡប់ទៅកាន់សេតវិមានកាលពីថ្ងៃទី២០ខែមករា លោក Trump បានដំឡើងពន្ធបន្ថែមចំនួន ១៤៥%លើផលិតផលជាច្រើនពីប្រទេសចិន។
ទាំងនេះរួមបញ្ចូលកាតព្វកិច្ចដែលដាក់ចេញដំបូងលើតួនាទីដែលត្រូវបានចោទប្រកាន់របស់ប្រទេសចិននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សារធាតុញៀន ហ្វង់តានីល (fentanyl) និងក្រោយមកទៀតទាក់ទងនឹងការអនុវត្តដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាអយុត្តិធម៌។
ទីក្រុងប៉េកាំងបានឆ្លើយតបដោយដំឡើងពន្ធចំនួន១២៥ភាគរយលើទំនិញរបស់សហរដ្ឋអាមេរិក ប៉ុន្តែបានរំលឹកឡើងវិញកាលពីថ្ងៃពុធថា ខ្លួនមានឆន្ទៈក្នុងការចូលរួមចរចាពាណិជ្ជកម្ម។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកហ្គ័រចាឃុន(Guo Jiakun) បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថា ប្រទេសចិនបានចង្អុលបង្ហាញពីដំបូងថាមិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមដំឡើងពន្ធ និងសង្គ្រាមពាណិជ្ជកម្មទេ។ទ្វារសម្រាប់ការចរចាគឺបើកចំហជានិច្ច។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ប្រធានាធិបតីចិនលោក Xi Jinping ក៏បានព្រមានកាលពីថ្ងៃពុធសប្ដាហ៍នេះផងដែរថា សង្គ្រាមពាណិជ្ជកម្ម ប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក៕