ការស្ទង់មតិ ៖ ជនជាតិអាមេរិក ជូរចត់លើរឿងសេដ្ឋកិច្ច ខណៈការគាំទ្ររបស់លោក Trump បន្តធ្លាក់ចុះ
ការស្ទង់មតិថ្មីមួយរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos បានបង្ហាញថា ប្រជាជនអាមេរិក ដែលបោះឆ្នោតឱ្យលោកប្រធានាធិបតី Donald Trump ក្នុងក្តីសង្ឃឹមថាលោកនឹងប្រយុទ្ធប្រឆាំងអតិផរណា និងជំរុញសេដ្ឋកិច្ច ពេលនេះកំពុងតែមិនពេញចិត្តលើផែនការសេដ្ឋកិច្ចរបស់លោក ខណៈនៅពេលលោក Trump កាន់តំណែងដល់ថ្ងៃទី១០០ ម្ចាស់ឆ្នោតទាំងនោះកំពុងទម្លាក់ការគាំទ្រសម្រាប់មេដឹកនាំមកពីបក្សសាធារណរដ្ឋរូបនេះ ដោយសារវិធីសាស្រ្តមិនល្អលើសេដ្ឋកិច្ច និងអតិផរណា។
លោក Trump បានចាប់ផ្តើមអាណត្តិរបស់ខ្លួនក ជាមួយនឹងរបៀបវារៈសេដ្ឋកិច្ចដ៏កម្រោល ដែលបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម ខណៈលោកដាក់ពន្ធលើដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិក និងព្យាយាមដាក់សម្ពាធដល់ធនាគារកណ្តាលឱ្យធ្វើតាមបំណងរបស់លោក ព្រមទាំងបង្កភាពរង្គោះរង្គើដ៏អាក្រក់បំផុតនៅក្នុងទីផ្សារហិរញ្ញវត្ថុអាមេរិក ចាប់តាំងពីខែដំបូងនៃជំងឺរាតត្បាតកូវីដ កាលពី ៥ឆ្នាំមុនមក។
ពេលនេះប្រជាប្រិយភាពរបស់ប្រធានាធិបតីរូបនេះបានបន្តធ្លាក់យ៉ាងខ្លាំង ដោយមានអ្នកឆ្លើយតបទៅនឹងការស្ទង់មតិដែលបញ្ចប់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ត្រឹមតែ ៣៧% ប៉ុណ្ណោះ បានគាំទ្រលើការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក Trump ដោយបន្តធ្លាក់ចុះពីតួលេខ ៤២% ក្នុងប៉ុន្មានម៉ោងបន្ទាប់ពីលោកឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករា។
នៅក្នុងការស្ទង់មតិ Reuters/Ipsos ដែលធ្វើឡើងបន្ទាប់ពីលោក Trump ទើបចូលកាន់តំណែង អ្នកឆ្លើយសំណួរប្រហែល ៥៥% និយាយថា អតិផរណា ឬសេដ្ឋកិច្ចទូលំទូលាយ គួរតែជាការផ្តោតសំខាន់របស់លោកក្នុង ១០០ថ្ងៃដំបូងនៃតំណែង។ ប៉ុន្តែ ៣ខែក្រោយមក អ្នកឆ្លើយសំណួរ ៣ភាគ៤ ក្នុងការស្ទង់មតិចុងក្រោយបង្អស់របស់ Reuters/Ipsos និយាយថា ពួកគេព្រួយបារម្ភថា វិបត្តិសេដ្ឋកិច្ចនឹងមកដល់។ តួលេខ ៥៦% នៃអ្នកឆ្លើយតប រួមទាំងសមាជិកម្នាក់ក្នុងចំណោម ៤នាក់មកពីបក្សសាធារណរដ្ឋ បាននិយាយថា ជំហានរបស់លោក Trump ក្នុងការរង្គោះរង្គើសេដ្ឋកិច្ចគឺ “ខុសឆ្គងពេកហើយ”៕