លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម អញ្ជើញចុះបើកការដ្ឋានអនុវត្តការងារថែទាំខួបប្រឡាយមេទី២នៃប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន
នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ចុះបើកការដ្ឋានអនុវត្តការងារថែទាំខួបប្រឡាយមេទី២នៃប្រព័ន្ធធារាសាស្ត្រថ្នល់បត់ ស្ថិតក្នុងឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ចម្ងាយ ២៥គីឡូម៉ែត្រពីទីរួមខេត្ត។
សូមជម្រាបថា ប្រឡាយមេទី២ នៃប្រព័ន្ធធារាសាស្ត្រថ្នល់បត់ មានប្រភពទឹកពីស្ទឹងប៉ៃលិន និងពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ បានកសាងឡើងនៅក្នុងសម័យប៉ុលពត និងបានស្តារឡើងវិញក្នុងឆ្នាំ២០១៥។ ការអនុវត្តការងារថែទាំខួបនៅក្នុងឆ្នាំ២០២៥នេះមានដូចជា៖ ១)ស្តារប្រទ្បាយ MC2 ១ខ្សែ ប្រវែង ៧០០០ម៉ែត្រ និង ២)បំពាក់សំណង់ស្ទាក់ទឹកថ្មី (ទ្វារ ២សន្លឹក) ចំនួន ៣កន្លែង លើប្រទ្បាយមេ។
ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម លោក ផាង វី បានបញ្ជាក់ឱ្យដឹងថា ប្រឡាយមេទី២នៃប្រព័ន្ធធារាសាស្រ្តថ្នល់បត់ មានតួនាទីក្នុងការចែកចាយទឹកជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដល់ដំណាំស្រូវ ក៏ដូចជាដំណាំរួមផ្សំផ្សេងៗទៀត ទាំងផ្នែកខាងក្រោម និងផ្នែកខាងលើនៃប្រព័ន្ធធារាសាស្ត្រនេះ ព្រមទាំងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាប្រមាណ ១១៧០ហិកតា និងស្រូវប្រាំងប្រមាណ ៤៥០ហិកតា។
លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ក្នុងនាមប្រជាពលរដ្ឋ បានសម្តែងនូវការសប្បាយរីករាយជាខ្លាំង និងបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមដែលបានអនុញ្ញាតឱ្យអនុវត្តគម្រោងថែទាំខួបប្រឡាយមេទី២នៃប្រព័ន្ធធារាសាស្ត្រថ្នល់បត់នេះ ព្រមទាំងបានបញ្ជាក់ថា គម្រោងថែទាំខួបនេះមានសារសំខាន់ណាស់ដោយបានជួយស្តារប្រឡាយដែលមានស្ថានភាពគោករាក់ស្ទើរទាំងស្រុង ដើម្បីនាំទឹកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជួយលើកស្ទួយកម្រិតជីវភាពរស់នៅ តាមរយៈការបង្កើនការធ្វើស្រែចម្ការពី២ទៅ៣ដង ក្នុងមួយឆ្នាំ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក៏បានណែនាំដល់ក្រុមការងារអនុវត្តគម្រោង ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានហ្មត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក និងបានពាំនាំនូវប្រសាសន៍ណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការអនុវត្តការថែទាំប្រព័ន្ធធារាសាស្រ្តជាប្រចាំនៅទូទាំងប្រទេស ប្រកបដោយគុណភាព ស័កិ្តសិទ្ធិភាព និងនិរន្តរភាព ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង៕