ស្ពានខ្ពស់ជាងគេ កំពុងអ៊ុតកៅស៊ូ AC ត្រៀមបញ្ចប់ការងារ !

ភ្នំពេញ៖ ឯកឧត្ដម ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ស្ពានលេខ២៨ បច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១០ ដែលបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នពីថ្ងៃទី១១-១៧ ខែមេសា ឆ្នាំ២០២៥ កំពុងសម្រុកការងារអ៊ុតកៅស៊ូ(AC) និងត្រៀមបញ្ចប់ការងាររបស់ខ្លួននាពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា ស្ពាននេះមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ទទឹង ១០ម៉ែត្រ សណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចការសាងសង់ស្ទើរ ១០០%ហើយ ។
ឯកឧត្ដម ផន រឹម បានបន្តថា ក្រៅពីការងារអ៊ុតកៅស៊ូ យើងនៅមានការងារបន្ទាប់បន្សំមួយចំនួនដូចជា៖ ការងារបង្កាន់ដៃ, របារសុវត្ថិភាព,គំនូសចរាចរណ៍, ផ្លាកសញ្ញាចរាចរណ៍,ចំណាំងផ្លាត និងភ្លើងបំភ្លឺជាដើម។
ឯកឧត្ដមអ្នកនាំពាក្យ បានឱ្យដឹងទៀតថា តាមគម្រោង យើងនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាប្រក្រតី ក្រោយការបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែមិថុនា ឆ្នាំ២០២៥ខាងមុខ។ សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយសុខសវត្ថិភាព និងរីករាយ មោទកភាពជាមួយសមិទ្ធផលជាតិក្រោមម្លប់សុខសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង