ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពបឋម នៃការដំឡើងថាមពលកកើតឡើងវិញលើទំនប់អាងទឹក ក្នុងបណ្តាខេត្តគោលដៅចំនួន៩ នៃប្រទេសកម្ពុជា

នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ប៉ុញ សច្ច: រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាលើរបាយការណ៍សិក្សាសមិទ្ធិលទ្ធភាពបឋមចុងក្រោយលើការដំឡើងថាមមពលកកើតឡើងវិញនៅលើទំនប់អាងទឹកដែលមានស្រាប់ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ នាយកដ្ឋានគ្រប់គ្រង និងអភិរក្សទឹក និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពាក់ព័ន្ធជាច្រើនរូប។
សូមជម្រាបថា ការសិក្សាសមិទ្ធិលទ្ធភាពនេះធ្វើឡើងដោយសាជីវកម្មធនធានទឹកកូរ៉េ(K-water) និង ក្រុមហ៊ុន Chilbo សម្រាប់ដំឡើងវារីអគ្គិសនីខ្នាតតូច និងប្រព័ន្ធសូឡានៅលើទំនប់អាងទឹកមានស្រាប់ ក្នុងខេត្តគោលដៅចំនួន ៩ ដែលរួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ធំ និងខេត្តកំពង់ស្ពឺ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ភាគីកូរ៉េបានធ្វើការជ្រើសរើសទីតាំងទំនប់អាងទឹកចំនួន ១៦កន្លែងដូចជា អាងទឹកអន្លង់ជ្រៃ អាងទឹកតាសាល ទំនប់អាងស្តុកទឹកលេខ៣និងលេខ៥ ទំនប់ដូនទ្រី ទំនប់សាលាតាអន ទំនប់អាងទឹកកំពីងពួយ ទំនប់អាងទឹកកន្សែង អាងទឹកត្រពាំងថ្ម អាងទឹកចុងកាល អាងទឹកស្រីស្នំ ទំនប់អាងទឹកម្កាក់ និងបានជ្រើសរើសយកអាងទឹកចំនួនពីរ ដើម្បីសិក្សាលម្អិត ដែលមានសក្តានុពលថាមពល ពី ៤ ដល់ ៨ មេហ្គាវ៉ាត់គឺ អាងទឹករក្សា ក្នុងខេត្តព្រះវិហារ និងអាងទឹកដូនទ្រីក្នុងខេត្តបាត់ដំបង។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យទីប្រឹក្សាកូរ៉េសិក្សាជម្រើសបច្ចេកទេសថ្មីៗ និងដាក់បញ្ចូលទំនប់អាងទឹកចំនួនពីរទៀតតាមសំណូមពរប្រធានមន្ទីរធនធានទឹក និងឧតុនិយមខត្តកំពង់ធំ គឺទំនប់អាងទឹកដងកាំបិត និងទំនប់កំពង់គោ ដើម្បីសិក្សាបន្ថែម ដោយឡែកទំនប់អាងទឹកដែលមានសក្តានុពលទាប សូមពិនិត្យលើលទ្ធភាពក្នុងការដំឡើងប្រព័ន្ធសូឡាជំនួសវិញ៕

អត្ថបទដែលជាប់ទាក់ទង