ឃាត់ជនស..ង្ស័យ ដឹកពលករឆ្លងដែនដោយខុសច្បាប់ម្នាក់ កម្លាំងរាជឣាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្ត
ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្ដតាក់ស៊ីមួយគ្រឿងបានដឹកពលករខ្មែរទៅលាក់ទុកនៅព្រៃចម្ការមួយកន្លែងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោក វរសេនីយ៍ត្រីតាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានចុះទៅដល់ទីតាំងកើតហេតុហើយធ្វើការឃាត់ម្ចាស់ឡានតាក់ស៊ីដឹកពលករ ឈ្មោះ ណៃ ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង នឹងរថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-8571 ជាមួយពលករចំនួន១៣នាក់ មកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក។
លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឱ្យដឹងថា ពលករចំនួន១៣នាក់ ក្រោយសមត្ថកិច្ចសួរនាំរួចទើបដឹងថាពួកគេមានបំណងចេញទៅប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់ បន្ទាប់មកកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានធ្វើការណែនាំ ធ្វេីកិច្ចសន្យា ឱ្យពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ។ ចំណែកជនសង្ស័យឈ្មោះណៃ ប៊ុនធឿន បានឆ្លើយសារភាពថា ខ្លួនពិតជាបានដឹកពលករទាំងអស់នោះដើម្បីលួចឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន ហេីយខ្លួនក៏ធ្លាប់បានដឹកពលករចំនួន០២លេីករួចមកហេីយដែរ ហើយលេីកទី០៣នេះក៏ត្រូវបានកម្លាំងរាជអាវុធហត្ថឃាត់ខ្លួនបានតែម្តង។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងក ម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក កសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕