អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងចុះជួយជួសជុលផ្ទះពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៤០ខ្នងផ្ទះ

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម អុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំក្រុមការងារ និងកងកម្លាំងចុះជួយជួសជុលផ្ទះជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២២ ខែមេសា នៅក្នុងសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសដឹកនាំកងកម្លាំងចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋនាពេលនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានជំរុញទៅដល់កងកម្លាំង និងអាជ្ញាធរក្រុង -ស្រុក និងឃុំ-សង្កាត់ សំដៅធ្វើយ៉ាងណាត្រូវពន្លឿននៃការជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ឱ្យបានលឿនដើម្បីឱ្យពួកគាត់បានទីជម្រកសម្រប់ស្នាក់នៅ និងបានជំរុញទៅដល់អាជ្ញាធរមូលដ្ឋានក្នុងករណីមានភ្លៀង ខ្យល់ត្រូវចុះឱ្យដល់មូលដ្ឋាន ដើម្បីស្រង់ព័ត៌មាន ប្រសិនជាក្នុងករណីមានខ្យល់កន្ត្រាក់កើតមានឡើង ត្រូវចេញអន្តរគមន៍ភ្លាមៗដោយមិនត្រូវពន្យាពេលនោះឡើយ។
ជាមួយគ្នានោះឯកឧត្តម ក៏បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិតែងតែកើតមានឡើង ពិសេសករណីខ្យល់កន្ត្រាក់ រន្ទះ បាញ់ ជានិច្ចកាលតែងតែកើតមានជារៀងរាល់ឆ្នាំ ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥វេលាម៉ោង២និង០០រសៀល មានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្រ្តាក់ដែលបានប៉ះពាល់ក្រុង-ស្រុក ចំនួន២ មានក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី បណ្ដាលឱ្យ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៤០ខ្នង សាលាបឋមសិក្សាម្កាក់ចំនួន១ខ្នង ដើមឈើសង្កត់ចំសាលាទឹកវត្តអង្គាបុស្បចំនួន១ខ្នង ក្បឿងចំនួន ៣០០សន្លឹក និងស័ង្កសីចំនួន៥១៨សន្លឹកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង