ករណីធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ ទោសដោយការ(ដុតបំផ្លាញទ្រព្យ សម្បត្តិអ្នកដទៃ)
កាលពីថ្ងៃទី២២ខែ មេសា ឆ្នាំ២០២៥ វេលាងម៉ោងប្រមាណ២១និង០០នាទីនៅចំណុចអូរតាចាន់(តំបន់២) ភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណី ធ្វើអោយខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសមួយកើតឡើងបង្កដោយជនសង្ស័យឈ្មោះ ម៉ៅ មឿត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សីខេត្តបាត់ដំបងបានធ្វើសកម្មភាពយកភ្លើង(ប្រើដែកកេះ) ទៅដុតខ្ទមចាំស្រែរបស់ឈ្មោះ អ៊ុយ អ៊ាក ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ ដំបង បណ្ដាលឱ្យឆេះទាំងស្រុងរួមទាំងមានសំភារៈទ្រព្យសម្បត្តិនៅក្នុងនោះទាំងអស់។
មូលហេតុ គឺជនសង្ស័យខឹងនិងប្រពន្ធជនរងគ្រោះដែលត្រូវជាមីងបង្កើត ពេលជនសង្ស័យសុំស្នាក់នៅនឹងខ្ទមនេះតែជនរងគ្រោះមិនព្រមឱ្យស្នាក់នៅ ទើបជនសង្ស័យដុតខ្ទមជនរងគ្រោះចោលតែម្ដង ។
នៅពេលទទួលពាក្យបណ្តឹង ស្របតាមយោបល់ដឹក នាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោង ឫស្សី ដឹកនាំកម្លាំងឃាត់ខ្លួនជនសង័្សយនៅថ្ងៃទី២៤ខែ មេសាឆ្នាំ២០២៥វេលាម៉ោង១០ និង១៥នាទី ត្រង់ចំណុចដីតំបន់២ ស្ថិតក្នុងភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលរៀបចំបញ្ជូនមកកាន់ការិយាល័យជំនាញអនុវត្តតាមច្បាប់៕