គ្រោះថ្នាក់ចរាចរណ៍០២ករណី កន្លែងតែមួយ បណ្តាលឲ្យមនុស្ស០៥នាក់ រងរបួសធ្ង..ន់

ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០២ករណី កើតឡើងនៅត្រង់កន្លែងតែមួយ រវាងរថយន្ត និងម៉ូតូ ហើយមួយករណីទៀត រវាងរថយន្ត និងម៉ូតូរ៉ឺម៉ក បណ្តាលឲ្យមនុស្ស០៥នាក់ រងរបួសធ្ងន់ ខូចខាតម៉ូតូ២គ្រឿង និងរថយន្ត០២គ្រឿង ។ ចំណែករថយន្តមួយគ្រឿង ដែលក្រឡាប់ផ្ងារជើង ចាក់ចោលទំនិញ រួមមាន ៖ មីខ្លាឃ្មុំក្រហម និងប្រេងឆា ពេញលើចិញ្ចើមថ្នល់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងលិចស្ពានត្រាំ ខាងមុខរោងចក្រមួយកន្លែង ស្ថិតនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់ ។

ករណីទី១ កើតឡើងនៅវេលាម៉ោង០៧និង១០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ រវាងរថយន្តមន្ត្រីគយ និងរដ្ឋាករសាខាខេត្តស្វាយរៀង ជាមួយម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតូម្នាក់ រងរបួសធ្ងន់ ។
ករណីទី២ ខណៈដែលសមត្ថកិច្ចកំពុងធ្វើចរាចរណ៍សណ្តាប់ធ្នាប់កន្លែងគ្រោះថ្នាក់ចរាចរណ៍ ស្រាប់តែមានគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀត នៅក្បែរគ្នា រវាងរថយន្ត និងម៉ូតូរ៉ឺម៉ក គឺរថយន្តម៉ាក HYUNDAI ដឹកទំនិញ បុកម៉ូតូពីក្រោយពេញទំហឹង អូសចម្ងាយ ៣០ម៉ែត្រ ទៅបុកជាប់ដើមជ្រៃ នៅខាងមុខផ្ទះអ្នកស្រុក ក្រឡាប់ផ្ងារជើងឡើងលើ ចាក់ចោលមីខ្លាឃ្មុំក្រហមនិងប្រេងឆា រាប់រយកេសពាសពេញលើចិញ្ចើមថ្នល់ និងខ្ទាចចូលក្នុងស្រះ និងកៀបជាប់អ្នកបើកបររថយន្ត នៅក្នុងកាប៊ីន រងរបួសបាក់ជើងធ្ងន់ធ្ងរ ចំណែកអ្នកបើកម៉ូតូរ៉ឺម៉ក បាក់ជើងធ្ងន់ធ្ងរ ចំណែកអ្នករួមដំណើរ០២នាក់ របួសធ្ងន់ធ្ងរដែរ ។
សមត្ថកិច្ច បានបន្តទៀតថា ខុសគ្នាតែ១០នាទី គ្រោះថ្នាក់០២ករណី នៅកន្លែងតែមួយ បណ្តាលឲ្យមនុស្ស០៥នាក់រងរបួសធ្ងន់ ត្រូវសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
សមត្ថកិច្ចកំពុងធ្វើសណ្តាប់ធ្នាប់ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តមន្ត្រីគយ បុកជាមួយម៉ូតូ យករថយន្តមន្ត្រីគយ ចតនៅខាងមុខរោងចក្រ និងយកជនរងគ្រោះ និងម៉ូតូមកចិញ្ចើមថ្នល់ និងហៅរថយន្តសង្គ្រោះ ស្រាប់តែរថយន្តហ៊ីយិនដាយ ១គ្រឿង បើកយ៉ាងលឿន ពីទិសខាងកើត ទៅលិច ឆ្ពោះទៅរាជធានីភ្នំពេញ ក៏បានបុកម៉ូតូរ៉ឺម៉ក ពីក្រោយពេញទំហឹង លាន់ដូចរន្ទះ អូសរ៉ឺម៉ក និងម៉ូតូ ចម្ងាយ៣០ម៉ែត្រ បង្កឲ្យអ្នកបើកម៉ូតូរ៉ឺម៉ក បាក់ជើងម្ខាង និងអ្នករួមដំណើរ ២នាក់របួសធ្ងន់ ត្រូវសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះ ចំណែករថយន្តបង្ក ជ្រុលទៅបុកដើមជ្រៃ ក្រឡាប់ផ្ងារជើង កៀបអ្នកបើកបររថយន្ត ជាប់ក្នុងកាប៊ីន ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នាគាស់យកចេញ រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។
ក្រោយពីសមត្ថកិច្ចពិនិត្យវាស់វែងរួច បានយកមធ្យោបាយរថយន្តមន្ត្រីគយ ម៉ូតូ និងរ៉ឺម៉កម៉ូតូ ទៅរក្សារទុកនៅអធិការដ្ឋាននគបាលស្រុកស្វាយជ្រំ ដើម្បីដោះស្រាយ តាមនីតិវិធី ។ ចំណែករថយន្តបង្ក សមត្ថកិច្ចអនុញ្ញាតឲ្យរើទំនិញ សាងរថយន្តផ្សេង រហូតមកដល់វេលា រសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ទើបលើកទំនិញពីទឹក និងក្នុងរថយន្តដាក់រៀបលើចិញ្ចើមថ្នល់ ហើយស្ទូចរថយន្ត មករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកស្វាយជ្រំ ដើម្បីដោះស្រាយជាក្រោយ ។
ទាក់ទិនករណីនេះដែរ មិនអាចទំនាក់ទំនងលោកប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង បានទេ រហូតមកដល់រសៀលថ្ងៃទី២៤នេះ ចំណែកទំនិញមីខ្លាឃ្មុំ និងប្រេងឆា រាប់រយកេសនេះ កម្មករបង្ហើបឲ្យដឹងថា នាំមកពីប្រទេសវៀតណាម ដឹកទៅរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង