ប៉ាគីស្ថាន ប្រកាសវិធានការសងសឹកប្រឆាំងឥណ្ឌា ក្រោយការវាយប្រហារតំបន់កាស្មៀរសម្លាប់មនុស្ស២៦នាក់
ប្រទេសប៉ាគីស្ថានបានប្រកាសពីចំណាត់ការទូតសងសឹកជាបន្តបន្ទាប់ប្រឆាំងឥណ្ឌា និងទាមទារភស្តុតាងដើម្បីគាំទ្រការអះអាងរបស់រដ្ឋាភិបាលឥណ្ឌាដែលថាទីក្រុងអ៊ីស្លាម៉ាបាត មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនៅតំបន់កាស្មៀរ។
ក្រុមឧទ្ទាមសង្ស័យបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦ នាក់កាលពីថ្ងៃអង្គារសប្ដាហ៍នេះនៅក្នុងរមណីយដ្ឋានទេសចរណ៍ដ៏ស្រស់ស្អាតនៃទីប្រជុំជន Pahalgam ក្នុងការវាយប្រហារសម្លាប់មនុស្សរង្គាលមិនធ្លាប់មាន ក្នុងរយៈពេល២៥ឆ្នាំ នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា។ សេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយក្រោមឈ្មោះថា រណសិរ្សតស៊ូ ដែលត្រូវគេជឿថាជាការវាយប្រហាររបស់ក្រុមប្រដាប់អាវុធ Lashkar-e-Taiba មានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានចាត់វិធានការសងសឹកខាងការទូតជាបន្តបន្ទាប់កាលពីថ្ងៃព្រហស្បតិ៍ ២៤ មេសា បន្ទាប់ពីទីក្រុងញូវដេលី បានស្តីបន្ទោសគូប្រជែងក្នុងតំបន់របស់ខ្លួនសម្រាប់ការគាំទ្រការបាញ់ប្រហារដ៏សាហាវនៅក្នុងតំបន់កាស្មៀរដែលពោពេញដោយការប្រកួតប្រជែង។
លោកនាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្ដេជ្ញាក្នុងសុន្ទរកថាមួយថានឹងតាមប្រមាញ់ខ្មាន់កាំភ្លើងរហូតដល់ទីបញ្ចប់។ ទីក្រុងញូវដេលី ក៏បានផ្អាកការចូលរួមរបស់ឥណ្ឌាក្នុងកិច្ចព្រមព្រៀងចែករំលែកទឹក និងបានបិទព្រំដែនដីគោកដ៏សំខាន់របស់ខ្លួនជាមួយប៉ាគីស្ថានក្នុងចំណោមវិធានការសងសឹកផ្សេងទៀតផងដែរ។
កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Shehbaz Sharif ក៏បានផ្អាកគម្រោងធារាសាស្ត្រប្រឡាយទឹកមួយផងដែរ មួយថ្ងៃបន្ទាប់ពីឥណ្ឌា បានដកខ្លួនចេញពីសន្ធិសញ្ញាទឹក Indus ក្នុងចំណាត់ការមួយ ដែលបង្កឱ្យមានការព្រួយបារម្ភពីការផ្គត់ផ្គង់ទឹករបស់ប្រទេសប៉ាគីស្ថាន៕