លោកជំទាវពុំចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាទទួលថវិកាអបអរទិវា៨ឧសភាពីសប្បុរសជន
ភ្នំពេញ ៖ ឈានឆ្ពោះទៅចូលរួម អបអរសាទរខួប១៦២ ទិវាពិភពលោក កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ដែលនឹងឈានចូលមកដល់ នាពេលខាងមុខនោះ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ មានសប្បុរសជនជាបន្តបន្ទាប់ អញ្ជើញនាំយកថវិកាសប្បុរសធម៌មកកាន់ទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាដើម្បីចូលរួមជាវិភាគទានជួយទ្រទ្រង់សកម្មភាពមនុស្សធម៌សមាគមជាតិមួយនេះឱ្យមាននិរន្តរភាព។
នៅក្នុងពិធីទទួលថវិកាសប្បុរសធម៌ខាងលើនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ក្នុងនាម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ដែលសមានទឹកចិត្តប្រកបដោយសប្បុរសធម៌ ចូលរួមចំណែក ជាមួយកាកបាទក្រហមកម្ពុជា ហើយ សកម្មភាពដ៍ថ្លៃថ្លានេះគឺជាកម្លាំងចលករមិនអាចខ្វះបាន ជួយទ្រទ្រង់និរន្តរភាព នៃប្រតិបត្តិការ មនុស្សធម៌ របស់សមាគមជាតិ កាកបាទក្រហមកម្ពុជា។ លោកជំទាវ បានជម្រាប ជូនផងដែរ អំពីការប្រើប្រាស់ថវិការបស់កាកបាទក្រហមកម្ពុជា ក្នុងឆ្នាំកន្លងទៅ គឺក្រៅពីប្រើប្រាស់លើប្រតិបត្តិការ ជួយសង្គ្រោះប្រជាជន រងគ្រោះនិងងាយរងគ្រោះនោះ គឺបានប្រើប្រាស់ ទៅលើសកម្មភាពមនុស្សធម៌នានា ដូចជាការជីកអណ្ដូង ទឹកស្អាត ការសាង សង់ផ្ទះ ជូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត នៅតាមមូលដ្ឋាននានា រួមជាមួយ ការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ ជូនអ្នកងាយរងគ្រោះ នៅតាមមូលដ្ឋាន គោលដៅមួយចំនួន ដើម្បីពួកគាត់ យកទៅប្រកបរបរអាជីវកម្មផ្សេង ដើម្បីកែប្រែសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន ការផ្តល់ថវិកា ជារៀងរាល់ឆ្នាំ ចំនួន ១លានដុល្លារ ជូនមូលនីធិគន្ធបុប្ផា ក្រៅពីនេះកាកបាទក្រហមកម្ពុជា ក៍បានផ្តល់ជាស្បៀង និងទេយ្យទាន ១ចំនួន ប្រគេន ព្រះសង្ឃដើម្បីទ្រទ្រង់ជិវភាព សមណៈសិស្សនៅតាមពុទ្ធិកសិក្សានានាផងដែរ។ជាក់ស្តែង ក្នុងឆ្នាំ២០២៤កន្លងទៅនេះកាកបាទក្រហមកម្ពុជាបានផ្តល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះគ្រប់ប្រភេទបានប្រមាណ៥០.០៤៨គ្រួសារ។ដោយឡែកថ្មីៗនេះកាកបាទក្រហមកម្ពុជាបានផ្តល់ថវិកាចំនួន៥លានដុល្លា ដល់មន្ទីពេទ្យ ហ្លួងម៉ែ ដែលជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក ហើយក្រុមប្រតិបត្តិកាកបាទក្រហមកម្ពុជា ក៍បានផ្តល់អំណោយមនុស្សធម៌ ជាបន្តបន្ទាប់ជូនអង្គការសមាគមន៍មួយចំនួនដែលមានអ្នកទទួលផលរាប់ពាន់នាក់ផងដែរ។
សូមបញ្ជាក់ថាសប្បុរសជនដែលនាំយកថវិកាសប្បុរសធម៌ មកជូនកាកបាទក្រហមកម្ពុជា ក្នុងថ្ងៃនេះ រួមមាន៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថវិកា១ម៉ឺនដុល្លាអាមេរិកនាំមកប្រគល់ជូនដោយតំណាងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ,លោកជំទាវ ស៊ុន សាភឿន ថវិកា១លាន រៀល លោកជំទាវ មាស សារិន ថវិកា១លានរៀល និង លោកជំទាវ នៃ ប៉េណា ថវិកា១លានរៀល។ លោកជំទាវ ទុយ សេរីរតនះ នេត្រ ភត្រា និងប្រតិភូ៣០នាក់សរុប ៣២០០ដុល្លា និង ១៣.៩៦០.០០០ រៀល និងអង្កវីតាមីន៣០០កេស។
ជាការកត់សំគាល់ឆ្នាំ២០២៥នេះគឺជាឆ្នាំទី៦ ហើយដែលកាកបាទក្រហមកម្ពុជា មិនបានប្រារព្ធពិធីជួបជុំដើម្បីអបអរសាទរទិវាពិភព លោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្រហម ៨ឧសភា ប៉ុន្តែទោះជាយ៉ាងណាក្តី កាកបាទក្រហមកម្ពុជា សូមទទួលស្វាគមន៍ជានិច្ច ចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលមានទឹកចិត្តសប្បុរសធម៌ចូលរួម ជាថវិកា សម្ភារៈផ្សេងៗ ជូនកាកបាទក្រហមកម្ពុជា។ការចូលរួមឧបត្ថម្ភគាំទ្រការងារមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជាគឺពិតជាមានគុណតម្លៃណាស់ក្នុងការលើកកម្ពស់ស្មារតី វប្បធម៌នៃការចែករំលែកដែលជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយអ្នកទទួលផល។សប្បុរសជនគ្រប់មជ្ឈដ្ឋានអាចបរិច្ចាគជូនកាកបាទក្រហមកម្ពុជាតាមរយៈក្រុមប្រចាំការទទួលបដិសណ្ឋារកិច្ច និងរៀប ចំកម្មវិធី ប្រគល់និងទទួលថវិកាសម្ភាររៀងរាល់ម៉ោងធ្វើការ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាហើយសង្ឃឹមថាមានសប្បុរសជនជាបន្តបន្ទាប់ទៀតនឹងចូលរួមបរិច្ចាគធនធាន ប្រកបដោយ ឆន្ទៈមោះមុតនិងជ្រះថ្លា ជួយកាកបាទក្រហមកម្ពុជា តាមការស្ម័គ្រចិត្ត ដើម្បីឱ្យសមាគមជាតិមួយនេះកាន់តែទទួលបានជោគជ័យថែមមួយកម្រិតទៀតក្នុងបេសកកម្មមនុស្សធម៌ជួយសង្គ្រោះជនរងគ្រោះនិងងាយរងគ្រោះនៅព្រះរាជាណាចក្រកម្ពុជា៕