លោក ថាច់ សុវណ្ណា អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹក និងអនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេ នៃព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នេះ នៅសណ្ឋាគារភ្នំប្រុស ខេត្តកំពង់ចាម លោក ថាច់ សុវណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹក និងអនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកប្រធាននាយកដ្ឋានបានបញ្ជាក់ឱ្យដឹងថា ការរៀបចំសិក្ខាសាលានាពេលនេះ គឺដើម្បីផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹក និងអនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេ ទៅដល់មន្រ្តីរាជការ នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងតំណាងសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ២៤សហគមន៍ នៅខេត្តកំពង់ចាម ដើម្បីជំរុញឱ្យមានការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្រេចបាននូវការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច និងសុខុមាលភាពជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ លោកប្រធាននាយកដ្ឋានបញ្ជាក់បន្ថែមថា ច្បាប់នេះកំណត់សិទ្ធិ និងកាតព្វកិច្ច អ្នកប្រើប្រាស់ទឹក គោលការណ៍គ្រឹះសំខាន់ៗ សម្រាប់ការគ្រប់គ្រងធនធានទឹក និងការចូលរួមរបស់សហគមន៍កសិករប្រើប្រាស់ទឹក ក្នុងការអភិវឌ្ឍធនធានប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះ អនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេ មានគោលបំណងគ្រប់គ្រង អភិរក្ស អភិវឌ្ឍអាងទន្លេឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព អនុលោមទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងធនធានទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា បើតាមមាត្រា៨ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ដីចំណីមាត់ច្រាំងនិងឆ្នេរនៃតំបន់អាងទន្លេត្រូវកំណត់ចម្ងាយដូចតទៅ៖
– ឆ្នេរនិងពាមសមុទ្រ ចម្ងាយ១០០(មួយរយ)ម៉ែត្រគិតពីមាត់ឆ្នេរនិងមាត់ពាម(ពេលទឹកជោរអតិបរមា)
– ទន្លេ ចម្ងាយ៥០(ហាសិប)ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ
– ស្ទឹង ចម្ងាយ៣០(សាមសិប)ម៉ែត្រ គិតពីមាត់ច្រាំងស្ទឹង
– ព្រែក ចម្ងាយ២០(ម្ភៃ)ម៉ែត្រ គិតពីមាត់ច្រាំងព្រែក
– អូរ ចម្ងាយ១០(ដប់)ម៉ែត្រ គិតពីមាត់ច្រាំងអូរ
– ប្រឡាយមេ ចម្ងាយ១០(ដប់)ម៉ែត្រគិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
– ប្រឡាយរង ចម្ងាយ៥(ប្រាំ)ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
– ប្រឡាយស្រោចស្រព ចម្ងាយ៣(បី)ម៉ែត្រ គិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
– អាងទឹក ចម្ងាយ១០០(មួយរយ)ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក
– បឹងបួ ចម្ងាយ៥០(ហាសិប)ម៉ែត្រគិតពីក្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក
– ទំនប់អាងទឹក ចម្ងាយ២០(ម្ភៃ)ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែលមានកម្ពស់តិចជាង៤(បួន)ម៉ែត្រ។ ចម្ងាយ១០០(មួយរយ)ម៉ែត្រ គិតពីជើងទេរផ្នែកខាងក្រោមទំនប់អាងទឹកដែលមានកម្ពស់ពី៤(បួន)ម៉ែត្រទៅ៨(ប្រាំបី)ម៉ែត្រ។ ក្នុងករណីទំនប់ដែលមានកម្ពស់លើសពី៨(ប្រាំបី)ម៉ែត្រឡើងទៅត្រូវបានកំណត់អនុក្រឹត្យដោយឡែក ៕