អាជ្ញាធរទន្លេសាប ចុះអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក តំបន់៣ ខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសអាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប អមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំចុះធ្វើអធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តស្រុកចំនួន ២ ស្ថិតក្រោមផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៥ នៃខេត្តបន្ទាយមានជ័យ ជាប់តំបន់បឹងទន្លេសាប។
នៅក្នុងដំណើរចុះបេសកកម្មអធិការកិច្ចខាងលើនេះ ត្រូវបានធ្វើការបែងចែកក្រុមការងារទទួលមុខព្រួញ ដូចខាងក្រោម :
១. ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម ទទួលចុះអធិការកិច្ច ស្រុកព្រះនេត្រព្រះ ឃុំភ្នំលៀប ជាប់តំបន់៣។
២. ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ ទទួលចុះអធិការកិច្ច ស្រុកព្រះនេត្រព្រះ ឃុំប្រាសាទ ជាប់តំបន់៣។
៣. ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង ទទួលចុះអធិការកិច្ចស្រុកមង្គលបូរី ឃុំសំបួរ ជាប់តំបន់៣។
សូមជម្រាបថា ការចុះអធិការកិច្ចរបស់អាជ្ញាធរទន្លេសាប បានពិនិត្យ និងរកឃើញថា សកម្មភាពនៃការចូលទៅបន្តអាស្រ័យផលរបស់ប្រជាពលរដ្ឋ និងកាប់ទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់៣ ពីសំណាក់ជនខិលខូច ត្រូវបានកាត់បន្ថយមួយកម្រឹត គួរឱ្យកត់សំគាល់ តាមរយៈនៃយន្តការការងារដ៏តឹងរឹង និងម៉ឺងមាត់ ក្នុងការទទួលខុសត្រូវ ចំពោះការការពារ ទប់ស្កាត់ និងផ្សព្វផ្សាយពីកិច្ចសហការរបស់ក្រសួងស្ថាប័នជំនាញថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ជាពិសេសថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ។
ជារួម ភូមិសាស្រ្តរដ្ឋបាលដែនដីស្ថិតក្រោមផ្លូវជាតិលេខ ៦ និងផ្លូវជាតិលេខ ៥ នៃខេត្តបន្ទាយមានជ័យ មានស្រុកចំនួន ២ និងឃុំចំនួន ៣ ជាប់នឹងផ្ទៃដីដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប ។ ផ្ទៃដីក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ជាប់នឹងតំបន់បឹងទន្លេសាបសរុបរួមប្រមាណ ១០៨ ៤៩៧.៤១ ហត ក្នុងនោះរួមមាន : តំបន់១ ចំនួន ៦៩ ៦៤៤.៦៦ ហត, តំបន់២ ចំនួន ៣០ ១២៤.៨៨ ហត, តំបន់៣ ចំនួន ៨ ៧២៧.៨៧ ហត និងមានបង្គោលព្រំតំបន់៣ ថ្មីចំនួន ៤៧ បង្គោល បានបោះរួចរាល់៕

អត្ថបទដែលជាប់ទាក់ទង