ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅដល់ទីក្រុងរ៉ូម ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពសម្តេចប៉ាប ហ្រ្វង់ស៉ីស

(រ៉ូម)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងរ៉ូមនៃប្រទេសអ៉ីតាលី កាលពីយប់ថ្ងៃសុក្រ ទី២៥ ខែមេសា ដើម្បីចូលរួមព្រះរាជពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្រ្វង់ស៉ីស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក ត្រាំ បានធ្វើដំណើរទៅដល់ទីក្រុងរ៉ូម ជាមួយភរិយារបស់លោក គឺលោកស្រី Melania Trump។ បុរីវ៉ាទីកង់បានឱ្យដឹងថា មានប្រតិភូបរទេសសរុប១៣០ មកចូលរួមព្រះរាជពិធីបុណ្យសពសម្តេចប៉ាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍នេះ ក្នុងនោះមានទាំងប្រមុខរដ្ឋ៥០រូប និងមហាក្សត្រ-មហាក្សត្រី១០អង្គ។
សម្តេចប៉ាប ហ្រ្វង់ស៉ីស ដែលជាសម្តេចសង្ឃកំពូលបំផុត នៃសាសនាគ្រិស្តនិកាយរ៉ូម៉ាំងកាតូលិក បានយាងចូលទិវង្គត កាលថ្ងៃចន្ទដើមសប្តាហ៍នេះ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ ទ្រង់គឺជាសម្តេចប៉ាបដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត ដែលមានដើមកំណើតមកពីតំបន់អាមេរិកឡាទីន និងបានកាន់តួនាទីនេះ អស់រយៈពេល១២ឆ្នាំ។
គួរបញ្ជាក់ថា ការធ្វើដំណើររបស់លោក ត្រាំ មកកាន់ទីក្រុងរ៉ូម គឺជាការធ្វើទស្សនកិច្ចចេញក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីរូបលោកបានត្រឡប់មកកាន់អំណាចសាជាថ្មី នៅសេតវិមាន កាលពីខែមករា៕

អត្ថបទដែលជាប់ទាក់ទង