ជនអន្តោប្រវេសន៍រារាំងដោយការបង្ក្រាបរបស់លោក Trump រង់ចាំជំនួយរបស់UN ដើម្បីត្រឡប់ទៅប្រទេសវិញ
ជនអន្តោប្រវេសន៍ដែលត្រូវបានរារាំងដោយការបង្រ្កាបនៅព្រំដែនរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ខណៈការឆ្លងកាត់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក បន្តធ្លាក់ចុះ។ នៅទីក្រុង Danli ប្រទេសហុងឌុយរ៉ាស ក្បែរព្រំដែនជាមួយប្រទេសនីការ៉ាហ្គ័រ ជនអន្តោប្រវេសន៍រាប់សិបនាក់ កំពុងរង់ចាំអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) ជាទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីបញ្ជូនពួកគេត្រឡប់ទៅប្រទេសវេណេស៊ុយអេឡា និងប្រទេសដទៃទៀត។
ជនអន្តោប្រវេសន៍ម្នាក់ និយាយថា បន្ទាប់ពីនាងបោះបង់ក្តីសង្ឃឹម ក្នុងការចូលទៅសហរដ្ឋអាមេរិក និងចាកចេញពីប្រទេសម៉ិកស៊ិក ទោះបីជានាងត្រូវធ្វើដំណើរដោយគ្មានច្បាប់ម្តងទៀតឆ្លងកាត់ព្រៃ ដែលបែងចែកប្រទេសកូឡុំប៊ី និងប្រទេសប៉ាណាម៉ាក៏ដោយ ឲ្យតែបានទៅដល់ប្រទេសកំណើតវ៉េណេស៊ុយអេឡា របស់នាង។ ប៉ុន្តែនៅពេលទៅដល់ប្រទេសហុងឌុយរ៉ាស នាងបានដឹងថាអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) បានផ្តល់ជើងហោះហើរធ្វើមាតុភូមិនិវត្តន៍សម្រាប់ជនអន្តោប្រវេសន៍ដែលចង់ត្រឡប់ទៅប្រទេសវិញ។
ចំណាប់អារម្មណ៍លើកម្មវិធីត្រឡប់ទៅវិញដោយស្ម័គ្រចិត្តរបស់អង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) បានកើនឡើងចាប់តាំងពីការបង្ក្រាបរបស់លោក Trump បានចាប់ផ្តើម។
នៅក្នុងខែមករា និងកុម្ភៈ ទីភ្នាក់ងារ បានទទួលសំណើចំនួន ២.៨៦៣សំណើ សម្រាប់កម្មវិធីនេះ ដែលច្រើនជាងបីដងនៃសំណើដែលបានកត់ត្រាទុកក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។