លោក ត្រាំ៖ កប៉ាល់អាមេរិក គួរតែធ្វើដំណើរឆ្លងកាត់ព្រែកជីកប៉ាណាម៉ា និងស៊ុយអេ ដោយឥតគិតថ្លៃ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថានាវាយោធា និងនាវាដឹកទំនិញរបស់សហរដ្ឋអាមេរិកគួរតែត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់តាមព្រែកជីកប៉ាណាម៉ា និងព្រែកជីកស៊ុយអេ ដោយឥតគិតថ្លៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ដូណាល់ ត្រាំ បានទទូចជាច្រើនខែមកហើយចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងលើព្រែកជីកប៉ាណាម៉ា។ ប៉ុន្តែ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social ការពីថ្ងៃសៅរ៍ ទី២៦ ខែមេសា ប្រធានាធិបតីអាមេរិក រូបនេះបានប្ដូរការផ្តោតទៅលើព្រែកជីកស៊ុយអេ (Suez)។ លោក ត្រាំ បានលើកឡើងដូច្នេះថា «នាវារបស់សហរដ្ឋអាមេរិកទាំងយោធា និងពាណិជ្ជកម្មគួរតែត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់តាម ព្រែកជីកប៉ាណាម៉ា និងព្រែកជីស៊ុយអេ ដោយឥតគិតថ្លៃ»។ លោក ត្រាំ ក៏បានអះអាងដែរថាព្រែកជីកទាំង២នេះនឹងមិនមានវត្តមានទៀតឡើយ ប្រសិនបើគ្មានសហរដ្ឋអាមេរិក ខណៈលោកបានបញ្ជាឱ្យ រដ្ឋមន្ត្រីការបរទេសរបស់លោកចាប់ផ្ដើមធ្វើសកម្មភាពតាមអ្វីដែលលោកបានលើកឡើង។
គួរបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ា គឺជាផ្លូវទឹកមួយដែលតភ្ជាប់រវាងតំបន់អាមេរិកខាងជើង និងខាងត្បូង ដែលបានជួយសម្រួលដល់ការចំណេញពេលវេលាក្នុងការធ្វើដំណើររបស់នាវា ឬកប៉ាល់ នៅចន្លោះ រវាងមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក។ ក្នុងមួយឆ្នាំៗ ៤០ភាគរយនៃកប៉ាល់ដឹកទំនិញរបស់សហរដ្ឋអាមេរិកបានធ្វើចរាចរាណ៍តាមព្រែកជីកប៉ាណាម៉ា។ ចំណែក ព្រែកជីកស៊ុយអេ គឺជាផ្លូវទឹក ដ៏សំខាន់មួយដែលតភ្ជាប់រវាងតំបន់អឺរ៉ុប និងអាស៊ី ហើយរ៉ាប់រង១០ភាគរយនៃពាណិជ្ជកម្មតាមផ្លូវសមុទ្ររបស់ពិភពលោក នៅមុនការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទីនៅយេម៉ែនលើកប៉ាល់ដឹកទំនិញ នៅក្នុងតំបន់សមុទ្រក្រហម និងឈូងសមុទ្រ Aden៕

អត្ថបទដែលជាប់ទាក់ទង