ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យការអនុវត្តការងារនៃគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ

ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព អមដំណើរដោយលោកអនុប្រធាន និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ចុះពិនិត្យការអនុវត្តការងារនៃគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រទឹកជុំ ក្នុងខេត្តឧត្តរមានជ័យ និងគម្រោងថែទាំខួបប្រឡាយមេទី២នៃប្រព័ន្ធធារាសាស្ត្រត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា ១)គម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រទឹកជុំ មានការងារសំខាន់ៗ ដូចជា៖ ស្តារប្រឡាយមេចំនួន ១ខ្សែប្រវែង ៥៩៥០ម៉ែត្រ និងជួសជុសថែទាំសំណង់សិល្បការ្យដែលមានស្រាប់សរុបចំនួន ១២កន្លែង។ ២) គម្រោងថែទាំខួបប្រឡាយមេទី២នៃប្រព័ន្ធធារាសាស្ត្រត្រពាំងថ្ម មានការងារសំខាន់ៗដូចជា៖ ជួសជុលប្រឡាយមេចំនួន ១ខ្សែ ប្រវែង ១៦០៥០ម៉ែត្រ និងជួសជុលថែទាំសំណង់សិល្បការ្យដែលមានស្រាប់ចំនួន ៣១កន្លែង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ត្រូវបន្តយកចិត្តទុកដាក់ក្នុងការស្តារប្រឡាយ ការងារជួសជុលសំណង់សិល្បការ្យដែលមានស្រាប់ និងការងារសាងសង់សំណង់ថ្មីបន្ថែមឱ្យមានគុណភាព សោភ័ណភាព និងត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមធ្វើការគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជាពិសេសជំរុញសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង។
សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រទឹកជុំមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ១២៤៨ហិកតា ស្រូវប្រាំងចំនួន ៨៦០ហិកតា និងដំណាំរួមផ្សំមួយចំនួន ជូនប្រជាពលរដ្ឋចំនួន ៦៥០គ្រួសារ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ចំណែក ប្រឡាយមេទី២នៃប្រព័ន្ធធារាសាស្ត្រត្រពាំងថ្ម មានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៤៥០០ហិកតា ស្រូវប្រាំងលើកទី១ចំនួន ២៨៨០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ២ ៨៨០ហិកតា និងដំណាំរួមផ្សំមួយចំនួន ជូនប្រជាពលរដ្ឋក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលជាប់ទាក់ទង